BREAKING NEWS: លើកនេះអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន «រួមគ្នាធ្វើសមយុទ្ធ ស្ទាក់ចាប់មីស៊ីល» ក្រោយពីកូរ៉េខាងជើងឲ្យសញ្ញាមិនស្រួល...
11-12-2017 10:01
(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា ស្ទាក់ចាប់គ្រាប់មីស៊ីលរួមគ្នា ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ខណៈការលើកឡើងជាច្រើនថា កូរ៉េខាងជើងអាចធ្វើតេស្ដមីស៊ីលបាញ់ចេញពីនាវាមុជទឹក (SLBM) ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា សមយុទ្ធយោធាមានរយៈពេលពីរថ្ងៃនេះ ដែលកំពុងធ្វើឡើងនៅឯតំបន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ និងជប៉ុន គឺជាសមយុទ្ធត្រីភាគីលើកដំបូងបំផុត គិតចាប់តាំងពីកូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីប Hwasong-15 កាលពីចុងខែវិច្ឆិកាកន្លងទៅ។
សមយុទ្ធយោធានេះ មានការចូលរួមពីនាវាពិឃាតកូរ៉េខាងត្បូង Seoae Ryu Seong Ryong Aegis, នាវាពិឃាតអាមេរិក U.S. Aegis, Stethem និង Decatur រួមទាំងនាវាពិឃាតជប៉ុន Chokai Aegis ហើយពួកគេនឹងផ្ដោតសំខាន់លើហ្វឹកហាត់ ចាប់សញ្ញា និងបំផ្លាញមីស៊ីល ក៏ដូចជាចែករំលែកព័ត៌មានគ្នាទៅវិញទៅមក នៅក្នុងករណីមានការវាយប្រហារ ជាយថាហេតុណាមួយ ពីមីស៊ីលកូរ៉េខាងជើង។
គួរបញ្ជាក់ថា ជាទម្លាប់ឱ្យតែកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ធ្វើសមយុទ្ធយោធា កូរ៉េខាងជើងតែងតែបាញ់សាកល្បងមីស៊ីល ឬក៏គំរាមវាយប្រហារលើ ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ។ ជាក់ស្ដែងបើតាមសេចក្ដីរាយការណ៍ជាច្រើន កូរ៉េខាងជើងទំនងជាអាចនឹងធ្វើតេស្ដមីស៊ីល បាញ់ចេញពីនាវាមុជទឹក (SLBM) ក្នុងពេលឆាប់ៗនេះ៕