(បាកដាដ)៖ ទីបំផុតបន្ទាប់ពីអ៊ីរ៉ាក់បានប្រកាសជាផ្លូវការថា ទឹកដីនៃប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ត្រូវបានរំដោះទាំងស្រុងចេញពីកណ្តាប់ដៃក្រុម ISIS កាលពីចុងសប្តាហ៍មុខនោះ ពលរដ្ឋអ៊ីរ៉ាក់ខណៈពេលនេះ កំពុងតែអបអរជោគជ័យដ៏ធំបំផុតមួយនេះ ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹង ISIS ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ នៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯរដ្ឋធានីបាកដាដ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាសពីការបិទបញ្ចប់សង្រ្គាមរយៈពេល០៣ឆ្នាំ របស់កងទ័ពអ៊ីរ៉ាក់ ក្នុងការវាយបណ្តេញក្រុមភេរវករ ISIS ចេញពីប្រទេស។ លោក al-Abadi បានលើកឡើងដូច្នេះថា «កម្លាំងយោធារបស់យើង បានដណ្តើមកាន់កាប់ទាំងស្រុង នូវតំបន់ព្រំដែនភាគខាងលិចប្រទេស ជាប់ជាមួយនឹងស៊ីរី ដូច្នេះហើយខ្ញុំសូមប្រកាសបិទបញ្ចប់ការធ្វើសមរភូមិប្រឆាំងនឹងក្រុម ISIS ជាស្ថាពរ»។
គួរជម្រាបថា ក្រុម ISIS បានចូលលុកលុយតាមតំបន់ភាគខាងជើង និងខាងលិច ប្រទេសអ៊ីរ៉ាក់ នៅក្នុងយុទ្ធនាការដ៏រហ័សមួយកាលពីឆ្នាំ២០១៤។ ចំណែកឯ ការតស៊ូប្រយុទ្ធតបតវិញរបស់រដ្ឋាភិបាលទីក្រុងបាកដាដ ត្រូវបានចាប់ផ្តើមធ្វើឡើង ជាមួយការជួយជ្រោមជ្រែងពីសំណាក់យុទ្ធនាការតាមដែនអាកាសរបស់ ក្រុមយោធាចម្រុះអន្តរជាតិ ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ ហើយក៏ដណ្តើមយកបានដោយសន្សឹមៗនូវ ទីក្រុងរបស់ខ្លួនម្តងមួយៗ ពីដៃក្រុម ISIS វិញ៕