BREAKING NEWS: បក្សប្រឆាំងវេណេស៊ុយអេឡា «ត្រូវបានហាមឃាត់ មិនឲ្យចូលរួមបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៨» ដោយសារបញ្ហាមួយ...
11-12-2017 09:26
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា គណបក្សប្រឆាំងធំៗ នៅក្នុងប្រទេសរបស់លោក ត្រូវបានហាមមិនឱ្យចូលរួមក្នុងការ បោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនេះ។ លោកថា ការហាមឃាត់នេះ គឺដោយសារគណបក្សទាំងនោះមិនបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងកាលពីថ្ងៃ អាទិត្យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម លោក ម៉ាឌូរ៉ូ មានតែគណបក្សដែលបានចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសអភិបាលក្រុង ទើបអាចចូលរួមប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតី នៅអាណត្តិក្រោយនេះ។ ប៉ុន្តែក្រុមគណបក្សប្រឆាំងមានដូចជា Justice First, Popular Will និង Democratic Action បានពហិការការបោះឆ្នោតអភិបាលក្រុង កាលពីថ្ងៃអាទិត្យដោយចោទថា ការបោះឆ្នោត និងប្រព័ន្ធបោះឆ្នោតមានលក្ខណៈលំអៀង។
តែទោះជាបែបនេះក្ដី លោក ម៉ាឌូរ៉ូ អះអាងថាប្រព័ន្ធបោះឆ្នោតវេណេស៊ុយអេឡា គឺមានតម្លាភាព និងគួរឱ្យទុកចិត្តបានទាំងស្រុង។ «គណបក្សប្រឆាំងបានបាត់ចេញពីផែនទីនយោបាយ... គណបក្សដែលមិនបានចូលរួមការបោះឆ្នោតនៅថ្ងៃនេះ ឬធ្វើពហិការ គឺមិនអាចចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយឡើយ»។ នេះគឺជាការលើកឡើងរបស់លោក ម៉ាឌូរ៉ូ។
គួរបញ្ជាក់ថា កាលពីខែតុលាគណបក្សប្រឆាំងធំៗទាំងបីខាងលើ ធ្លាប់បានប្រកាសថា ពួកគេនឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងកាលពីថ្ងៃអាទិត្យ ឡើយ ហើយថែមទាំងចាត់ទុកថា ការបោះឆ្នោតនេះត្រូវបាន លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រើប្រាស់ជាប្រយោជន៍៕