(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលអ៊ីរ៉ាក់សម្រាប់ការប្រកាសពីជ័យជម្នះលើពួក ISIS ប៉ុន្តែព្រមពេល ជាមួយគ្នាលោកស្រីក៏បានព្រមានដែរថាពួក ISIS មិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងនៅឡើយទេ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសថាពួក ISIS លែងគ្រប់គ្រងទឹកដីអ៊ីរ៉ាក់ ទៀតហើយ រីឯសង្រ្គាមប្រឆាំងនឹងពួកនេះក៏បានដល់ទីបញ្ចប់ហើយដែរ បន្ទាប់ពីចំណាយពេលតស៊ូប្រយុទ្ធអស់រយៈពេលជាង០៣ឆ្នាំមកនេះ។ លោក May បានលើក ឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ ដូច្នេះថា៖«ខ្ញុំសូមចូលរួមអបអរសាទរដល់លោកនាយករដ្ឋមន្ត្រី Abadi និងប្រជាជនអ៊ីរ៉ាក់ទំាងអស់ ក្នុងពេលវេលាជាប្រវត្តិសាស្ត្រនេះដែលជាសញ្ញាមួយនៃការបើកទំព័រសករាជថ្មីឆ្ពោះទៅកាន់យុគសន្តិភាព និងការអភិវឌ្ឍន៍។ តែយ៉ាងណាក៏ដោយ យើងត្រូវប្រាកដថា ខណៈពួក ISIS បរាជ័យ ពួកគេនៅមិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងនោះទេ.... ដូច្នេះពួកគេនៅតែជាការគំរាមកំហែងសម្រាប់អ៊ីរ៉ាក់»។
គួរបញ្ជាក់ថា បើតាមលោកស្រី Theresa May ពួក ISIS នៅតែអាចបង្កការគំរាមកំហែងដល់អ៊ីរ៉ាក់នៅឡើយ ក្នុងនោះរួមមានទំាងតំបន់ជាប់ព្រំដែនជាមួយស៊ីរី ខណៈ ទីក្រុងវ៉ាស៊ីនតោន យល់ដូចគ្នានេះដែរថាពួកភេរវករមួយនេះមិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងនោះទេ៕