(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី របស់អ៊ីស្រាអែល ដោយថែមទំាងចំអកដែរថាទីក្រុងវ៉ាស៊ីនតោន សមនឹងទទួលបានការថ្កោលទោសពីអន្តរជាតិ។ ប៉ុន្តែទន្ទឹមគ្នានោះទីក្រុងព្យុងយ៉ាងថា ខ្លួនមិនភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តនេះឡើយដោយហេតុថា វាជាទម្លាប់របស់សហរដ្ឋអាមេរិកទៅហើយ ដែលចូលចិត្តបំផ្លាញអធិបតេយ្យភាពនៃបណ្ដារដ្ឋដទៃ។ នេះបើតាម KCNA ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។
ស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើអ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ដូច្នេះថា៖ «ការសម្រេចទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី អ៊ីសា្រអែលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងគំរោងរើស្ថានទូតអាមេរិក សមតែទទួលបានការថ្កោលទោសពីសកលលោក ពីព្រោះវាគឺជាការប្រឆាំងដោយបើក ជំហរព្រមទាំងប្រមាថដល់ច្បាប់អន្តរជាតិ និងឆន្ទៈឯកភាពនៃសហគមន៍អន្តរជាតិ...តែទោះជាបែបនេះក្ដី យើងមិនភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តបែបនេះឡើយដោយហេតុថា វាគឺជាទម្លាប់របស់សហរដ្ឋអាមេរិកទៅហើយដែលចូលចិត្តបំផ្លាញអធិបតេយ្យភាពនៃបណ្ដារដ្ឋដទៃ»។
គួរបញ្ជាក់ថា បើតាមកូរ៉េខាងជើង បញ្ហាទីក្រុងហ្សេរុយសាឡឹម គួរតែត្រូវបានដោះស្រាយដោយយុតិ្តធម៌តាមរយៈសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ ចំណែកឯសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវលើផលវិបាកនិងភាពតានតឹងដែលកើតចេញពីការសម្រេចចិត្តរបស់ខ្លួន៕