(បាកដាដ)៖ នៅទីបំផុតប្រទេសអ៊ីរ៉ាក់នាថ្ងៃសៅរ៍នេះ បានធ្វើសេចក្តីប្រកាសដ៏ធំមួយថា ដែនដីទាំងអស់របស់ខ្លូន ត្រូវបានវាយរំដោះចេញពីកណ្តាប់ដៃក្រុម ISIS យកមកវិញបានទាំងស្រុងហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯរដ្ឋធានីបាកដាដ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាសពីការបិទបញ្ចប់សង្រ្គាមរយៈពេល០៣ឆ្នាំរបស់កងទ័ពអ៊ីរ៉ាក់ ក្នុងការវាយបណ្តេញក្រុមភេរវករ ISIS ចេញពីប្រទេស។ លោក al-Abadi បានលើកឡើងដូច្នេះថា «កម្លាំងយោធារបស់យើង បានដណ្តើមកាន់កាប់ទាំងស្រុងនូវតំបន់ព្រំដែនភាគខាងលិចប្រទេស ជាប់ជាមួយនឹងស៊ីរី ដូច្នេះហើយខ្ញុំសូមប្រកាសបិទបញ្ចប់ការធ្វើសមរភូមិប្រឆាំងនឹងក្រុម ISIS ជាស្ថាពរ»។
គួរជម្រាបថា ក្រុម ISIS បានចូលលុកលុយតាមតំបន់ភាគខាងជើង និងខាងលិច ប្រទេសអ៊ីរ៉ាក់ នៅក្នុងយុទ្ធនាការដ៏រហ័សមួយកាលពីឆ្នាំ២០១៤។ ចំណែកឯ ការតស៊ូប្រយុទ្ធតបតវិញរបស់រដ្ឋាភិបាលទីក្រុងបាដាដ ត្រូវបានចាប់ផ្តើមធ្វើឡើង ជាមួយការជួយជ្រោមជ្រែងពីសំណាក់យុទ្ធនាការតាមដែនអាកាសរបស់ ក្រុមយោធាចម្រុះអន្តរជាតិ ដែលមានសហរដ្ឋអាមេរិក ជាអ្នកដឹកនាំ ហើយក៏ដណ្តើមយកបានដោយសន្សឹមៗនូវ ទីក្រុងរបស់ខ្លួនម្តងមួយៗ ពីដៃក្រុម ISIS វិញ៕