(ប៉ាឡេស្ទីន)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នឹងមិនទទួលជួបអនុប្រធានាធិបតីអាមេរិក លោក Mike Pence ឡើយ ក្នុងអំឡុងដំណើរទស្សនកិច្ចមួយរបស់លោក Pence ដែលត្រូវបានគ្រោងទុកថា នឹងមកកាន់តំបន់មជ្ឈិមបូព៌ា នាខែធ្នូនេះ ដើម្បីជាការឆ្លើយតបចំពោះ ការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
លោក Makdi al-Khalidi ទីប្រឹក្សាប្រធានាធិបតីទទួលបន្ទុកកិច្ចការទូតរបស់លោក Abbas បានបង្ហើបឲ្យដឹងថា «វាច្បាស់ណាស់ថានឹងពុំមានការជួបពិភាក្សាគ្នាជាមួយលោក Pence នោះឡើយ ហើយបញ្ហានេះគឺធំជាងការជួបមុខគ្នាទៅទៀត»។ លោក al-Khalidi បានបន្ថែមថា «សហរដ្ឋអាមេរិក តាមរយៈការសម្រេចចិត្តរបស់ខ្លួន បានបោះជំហានដើរឆ្លងបន្ទាត់ក្រហមទាំងអស់»។
ជុំវិញការបដិសេធមិនទទួលជួបអនុប្រធានាធិបតី Mike Pence របស់រដ្ឋាភិបាលប៉ាឡេស្ទីន សេតវិមានអាមេរិក ក៏បានចេញមុខព្រមានធ្ងន់ៗចំពោះរឿងនេះ។ ដោយឡែក ឆ្លើយតបទៅនឹងការគម្រាមមរបស់អាមេរិក លោក al-Khalidi បាននិយាយថា ពុំមាននរណាម្នាក់អាចមកគម្រាមប្រជាជនប៉ាឡេស្ទីនបានឡើយ ហើយក៏គ្មាននរណាម្នាក់ អាចគម្រាមដល់មេដឹកនាំរបស់ប្រទេសប៉ាឡេស្ទីនបានដែរ។
គួរជម្រាបថា ការប្រកាសរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីប៉ុន្មានថ្ងៃមុន ក្នុងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងក្នុងការផ្លាស់ប្តូរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ (Tel Aviv) បានបង្កឲ្យមានការជំទាស់ទ្រង់ទ្រាយធំពីសំណាក់អន្តរជាតិ អារ៉ាប់ និងប៉ាឡេស្ទីនផ្ទាល់ ដែលជាអ្នកមានវិវាទជាមួយអ៊ីស្រាអែល ជុំវិញបញ្ហាទីក្រុងដ៏ពិសិដ្ឋមួយនេះ៕