(ញូដេលី)៖ តុលាការពិសេសមួយ​នៅប្រទេសឥណ្ឌា បានសម្រេចកាត់ទោស​ប្រហារជីវិត​អ្នកជំនួញ​មួយរូប រួមនិងជំនួយការម្នាក់​ទៀត ដោយសារតែ​​បានប្រព្រឹត្តសកម្មភាព​​រំលោភ និងសម្លាប់យ៉ាង​សាហាវ​ឃោឃៅ ទៅលើនារីជា​អ្នក​បម្រើវ័យ ២៥ឆ្នាំម្នាក់ នៅ​ក្នុងលំនៅឋាន​​របស់ពួកគេ​ស្ថិតក្នុង​ទីក្រុង Noida ក្បែររដ្ឋធានី​ញូដេលី កាលពីជាង ១០ឆ្នាំមុន។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

តុលាការនៃការិយាល័យ​ស៊ើបអង្កេត​មជ្ឈិម (CBI) របស់ប្រទេស​ឥណ្ឌា ទីផុតបានធ្វើ​ការផ្តន្ទាទោសជាទម្ងន់​ខាងលើ កាលពីថ្ងៃ​សុក្រ​ម្សិលមិញ ពោលគឺមួយថ្ងៃ​ក្រោយពីបាន​រកឃើញថា លោក Maninder Singh Pandher ព្រមទាំងមនុស្ស​ជំនិតរបស់លោក​ម្នាក់​ទៀត ឈ្មោះ Surinder Koli ពិតជាមានទោស​ក្នុងបទល្មើស ដែលពួកគេបាន​ប្រព្រឹត្តនៅក្នុងផ្ទះ ស្ថិតនៅក្នុងភូមិ Nithari នៃក្រុង Noida។

នេះគឺជាសំណុំរឿងទី ៩ ក្នុងចំណោមសំណុំរឿង​សរុបចំនួន ១៦ ពាក់ព័ន្ធនឹង​ករណីសម្លាប់​មនុស្ស​ជាបន្តបន្ទាប់​គួរឲ្យរន្ធត់ ដែល​បាន​កើត​មាន​ឡើងក្នុងភូមិ Nithari កាលពីឆ្នាំ២០០៥ និងឆ្នាំ២០០៦។ ស្របពេល​ដែលបុគ្គល Koli ត្រូវបានរកឃើញ​ថា មាន​ទោស​នៅក្នុងសំណុំ​រឿងទី ៨ នាពេលកន្លងទៅ ហើយត្រូវបានផ្តន្ទាទោស​ប្រហារជីវិត បុគ្គល Pandher ត្រូវបានរកឃើញថា មាន​ទោស​ក្នុងសំណុំ​រឿងចំនួន០៣ ហើយ ០២ក្នុងចំណោមនោះ Pandher ត្រូវ​ទទួលទោស​ប្រហារជីវិត។

ជុំវិញការផ្តន្ទាទោសក្នុង​សំណុំរឿងចុងក្រោយនេះ ចៅក្រម​ពិសេស CBI លោក Tiwari បានថ្លែងថា ជនជាប់ចោទឈ្មោះ Koli និង Pandher ​ពិត​ជាមានជាប់ពាក់ព័ន្ធ​ក្នុងករណីរំលោភ​ហើយសម្លាប់ លើនារីជាអ្នកបម្រើ​នៅតាមផ្ទះ​ឈ្មោះ Anjali កាលពី​ឆ្នាំ២០០៦ ហើយពួកគេ​​ទាំង​ពីរ ស័ក្តិសមនឹង​ទទួលទោស​ដ៏សែនធ្ងន់​បំផុត តាមតែអាចទៅរួច។

តុលាការខាងលើ បានលើក​ឡើងថា «ជន Koli បានអូសនារីជាជន​រងគ្រោះទៅក្នុងផ្ទះ ហើយធ្វើឲ្យនាងសន្លប់​ស្តូកស្តឹង រួចក៏​ចាប់​ផ្តើមសកម្មភាពរំលោភបំពាន និងថែមទាំងស៊ីសាច់​របស់នាង​ទៀតផង ដូច្នេះហើយទោស​ប្រហារជីវិត គឺជាជម្រើស​តែមួយគត់​នៅ​ក្នុងច្បាប់។ ជន Pandher ក៏មានជាប់ពាក់ព័ន្ធ​ក្នុងបទល្មើសនេះ​ដែរ ដោយជនទាំងពីរ នឹងត្រូវបានព្យួរក​រហូតដល់ដាច់​ខ្យល់​ស្លាប់»

គួរជម្រាបថា​ នាង Anjali ដែលធ្លាប់ធ្វើការជាអ្នកបម្រើម្នាក់ ក្នុងក្រុង Noida ត្រូវគេរាយការណ៍ថា បានបាត់ខ្លួនកាលពីខែតុលា ឆ្នាំ​២០០៦។ រឿងឃាតកម្មរបស់នាង បានលេចឡើងជាសាធារណៈ ក្រោយពីការចាប់ខ្លួននៃជន Koli កាលពីខែធ្នូឆ្នាំដដែល នៅ​ពេលដែលប៉ូលិស បានរកឃើញឆ្អឹង និងលលាដ៍ក្បាល​របស់មនុស្ស ១៦នាក់ ដែលភាគច្រើនគឺជាកុមារ នៅក្បែរផ្ទះរបស់ជន Pandher៕