មន្ត្រីជំនិតជាន់ខ្ពស់ លោក ដូណាល់ ត្រាំ មួយរូបនឹងលាលែងពីសេតវិមាន តាមការគ្រោងទុក!
09-12-2017 14:52
(វ៉ាស៊ីនតោន)៖ អនុទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក ត្រូវបានសេតវិមានអះអាងឲ្យដឹងថា នឹងចុះចេញពីតំណែងរបស់ខ្លួន នៅកំឡុងដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកស្រី Dina Powel គឺជាទីប្រឹក្សាដ៏សំខាន់ និងគួរឲ្យជឿជាក់មួយរូបនៅក្នុងរដ្ឋបាលនេះ»។ ជុំវិញការចាកចេញពីសេតវិមាន លោកស្រី Sanders បានឲ្យដឹងថាតាំងពីដើមមកលោកស្រី Powel មានគម្រោងថា នឹងកាន់តួនាទីនេះតែមួយឆ្នាំប៉ុណ្ណោះ មុនពេលវិលត្រឡប់ទៅរដ្ឋញូយ៉កវិញ ជាទីដែលលោកស្រី នឹងនៅតែបន្តជួយជ្រោមជ្រែង ដល់ក្តីបំណង និងកិច្ចការរបស់លោកប្រធានាធិបតី ពាក់ព័ន្ធនឹងតំបន់មជ្ឈិមបូព៌ា។
គួរជម្រាបថា លោកស្រី Powell ដែលបានបម្រើការក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ កាលពីខែមិនាមក ត្រូវគេរំពឹងថា ជាមន្រ្តីជំនិតមួយរូបក្នុងចំណោមមន្រ្តីជំនិតមួយចំនួនទៀត ដែលនឹងចាកចេញពីសេតវិមាន ក្នុងគម្រប់ខួបមួយឆ្នាំ នៃការកាន់តំណែងជាមេដឹកនាំអាមេរិករបស់ លោក ដូណាល់ ត្រាំ៕