(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណា ដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដើម្បីការពារខ្លួនឯងព្រមទាំងសម្ព័ន្ធមិត្ត ជាការឆ្លើយតបចំពោះការបំពានរបស់ប្រទេសរុស្ស៊ី ទៅលើសន្ធិសញ្ញា INF រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
សន្ធិសញ្ញាខាងលើ ដែលត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត (រុស្ស៊ីនាពេលបច្ចុប្បន្ន) កាលពីឆ្នាំ១៩៨៧ បានហាមឃាត់មិនឲ្យមានការអភិវឌ្ឍ ដាក់ពង្រាយ និងធ្វើតេស្តប្រព័ន្ធមីស៊ីលផ្លោង ឬក៏មីស៊ីលប្រដេញបាញ់ចេញពីផ្ទៃដី ដែលមានរយៈចម្ងាយវាយប្រហារចន្លោះពី ៤៨៣គីឡូម៉ែត្រ ទៅ ៥,៤៧២គីឡូម៉ែត្រឡើយ។ ទីក្រុងម៉ូស្គូ និងទីក្រុងវាស៊ីនតោន ដែលតែចោទដាក់គ្នាទៅវិញទៅមកថា បានរំលោភលើសន្ធិសញ្ញានេះ។
អ្នកនាំពាក្យក្រសួងបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ធិសញ្ញាដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការរក្សាសន្តិភាពពិភពលោកនេះ កំពុងស្ថិតក្រោមការគម្រាមកំហែង ដោយសារតែទីក្រុងម៉ូស្គូ កំពុងវិលទៅរកការអភិវឌ្ឍ ធ្វើតេស្ត និងដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រដេញ បាញ់ចេញពីផ្ទៃដីមួយ ដែលអាចរត់ក្នុងរយៈចម្ងាយ ដែលហាមប្រាមដោយសន្ធិសញ្ញាបាន។
លោកស្រី Nauert បានបញ្ជាក់ថា ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានប្រឹងប្រែងព្យាយាមរកផ្លូវពិភាក្សាជាមួយសហព័ន្ធរុស្ស៊ី ជុំវិញបញ្ហានេះយ៉ាងណាក្តី មន្រ្តីរដ្ឋាភិបាលរុស្ស៊ី មកទល់ពេលនេះបានធ្វើការបដិសេធ និងគេចវេះជាបន្តបន្ទាប់។ ដូច្នេះហើយ សហរដ្ឋអាមេរិក មិនអាចឈរនៅស្ងៀម ខណៈដែលរុស្ស៊ីបន្តអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធ ដែលល្មើសនឹងសន្ធសញ្ញារវាងប្រទេសទាំងពីរ បានតទៀតឡើយ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ ក្រៅពីការព្យាយាមដាក់សម្ពាធសេដ្ឋកិច្ច ដើម្បីបង្ខំឲ្យរុស្ស៊ីងាកមកគោរពសន្ធិសញ្ញានេះវិញ ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងតែត្រួតពិនិត្យពិចារណា លើជម្រើសយោធាមួយចំនួនផងដែរ ដែលរួមមានទាំងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួន ដែលនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ការពារខ្លួនឯងផ្ទាល់រួមនិងសម្ព័ន្ធមិត្ត ប្រសិនបើប្រទេសរុស្ស៊ី នៅតែរឹងទទឹងដដែលនោះ។
យ៉ាងណាមិញ ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតបវិញថា ទីក្រុងម៉ូស្គូ ត្រៀមខ្លួនជានិច្ច ដើម្បីជជែកពិភាក្សាជាមួយភាគីវ៉ាស៊ីនតោន ក៏ប៉ុន្តែរុស្ស៊ីបានគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវសន្ធិសញ្ញា INF ក្នុងអំឡុងពេល ០៣ទសវត្សរ៍កន្លងទៅនេះ ហើយនឹងនៅតែបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប់ជានិច្ចនៅក្រោមសន្ធិសញ្ញា ដរាបណាដៃគូរបស់យើងនៅតែធ្វើដូចគ្នា។
ម៉្យាងវិញទៀត បើតាមក្រសួងរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបន្តបង្កើតការចោទប្រកាន់ ដោយគ្មានភស្តុតាងជាដដែលៗថា ប្រទេសរុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញារវាងប្រទេសទាំងពីរ ក្នុងបរិបទមួយដែលអំណោយផលដល់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍនិងដាក់ពង្រាយសព្វាវុធសំខាន់ៗរបស់ខ្លួនទៅវិញទេ៕