(បរទេស)៖ មនុស្សមួយចំនួនប្រហែលជាធ្លាប់ដឹងហើយថា អង្គការក្រៅរដ្ឋាភិបាលមួយហៅថា Asgardia មានបំណងចង់ក្លាយខ្លួនជាចក្រភព និងរដ្ឋអធិបតេយ្យដំបូងគេបង្អស់ នៅក្នុងទីអវកាស។ ប៉ុន្មានថ្ងៃមុននេះ Asgardia បានបញ្ជូនផ្កាយរណប លើកទីមួយរបស់ខ្លួន ទៅកាន់គន្លងគោចរជុំវិញផែនដី ហើយបានអះអាងថា ការចល័តផ្កាយរណបតូចនេះ មានន័យថា ខ្លួនគឺជាប្រជាជាតិដំបូងគេ ដែលអាចគ្រប់គ្រងតំបន់ទាំងអស់បាន នៅទីអវកាស។
ប៉ុន្តែអ្នកស្រាវជ្រាវខាងផ្នែកច្បាប់នៅអវកាស បានបញ្ចេញមតិជំទាស់ ចំពោះការអះអាងនេះ និងបានលើកឡើងថា Asgardia ត្រូវធ្វើកិច្ចជាច្រើនផ្សេងទៀត ដែលអាចចំណាយពេលរាប់ទសវត្សរ៍ ទើបអាចក្លាយខ្លួនជាប្រទេសមួយ មានការទទួលស្គាល់ពេញលេញបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Business Insider នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
Asgardia សព្វថ្ងៃគឺជាអង្គការក្រៅរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញមួយ ដែលស្ថិតនៅទីក្រុង ទីក្រុង វីយែន (Vienna) នៃប្រទេសអូទ្រីស ហើយថ្នាក់ដឹកនាំនៃអង្គការ មានក្តីបំណងចង់កសាងចក្រភពមួយនៅទីអវកាស ដែលប្រមូលរ៉ែពីដុំអាចម៍ផ្កាយ និងការពារភពផែនដីពីអាចម៍ផ្កាយ និងកម្ទេចកម្ទីរនានានៅក្នុងលំហអាកាស ព្រមទាំងការគម្រាមកំហែងដទៃៗទៀត។
កាលពីប៉ុន្មានខែមុន លោក Ram Jakhu ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិករបស់ Asgardia បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «Asgardia គឺជាប្រជាជាតិនៅទីអវកាសមួយ ដែលប្រមូលផ្តុំទៅដោយចម្រុះពូជសាសន៍ ជនជាតិ សាសនា និងទីកន្លែងដែលប្រកបដោយសីលធម៌ និងសុខសន្តិភាព ក៏ដូចជាទីជម្រករបស់មនុស្សជាតិផងទាំងពួង នៅទីអវកាស»។
ផ្កាយរណបដ៏តូចរបស់ Asgardia ដែលត្រូវបានលើកឡើងខាងលើ មានឈ្មោះថា Asgardia-1 និងមានផ្ទុកបន្ទះស្តុកទិន្នន័យទំហំ ៥១២GB ដែលមាននូវរដ្ឋធម្មនុញ្ញ និមិត្តសញ្ញារបស់ប្រជាជាតិនេះ ព្រមទាំងទិន្នន័យដែលត្រូវបានជ្រើសរើសដោយផ្ទាល់ ស្តីពីភាពជាពលរដ្ឋរបស់ Asgardia។ Asgardia បានអះអាងការបញ្ជូនផ្កាយរណបរបស់ខ្លួន ទៅកាន់គន្លងគោចរជុំវិញផែនដីបែបនេះ បានធ្វើឲ្យខ្លួនគឺជាប្រជាជាតិដំបូងគេ ដែលមានដែនដីនៅក្នុងទីអវកាស។
យ៉ាងណាមិញ ជុំវិញរឿងនេះ អ្នកវិទ្យាសាស្រ្តសិក្សាលើច្បាប់ស្តីពីទីអវកាស បាននិយាយថា សមិទ្ធផលនេះ ប្រហែលជាពុំមានសារៈសំខាន់អ្វីធំដុំ និងគួរឲ្យត្រេកអរខ្លាំងនោះឡើយ។ Asgardia មានចំនួនមនុស្សគ្រប់គ្រាន់ ដែលបានដាក់ពាក្យសុំចូលជាពលរដ្ឋ ដើម្បីអាចត្រូវឆ្លងកាត់ការពិចារណា ចាត់ទុកជារដ្ឋមួយបាន ដោយអង្គការសហប្រជាជាតិ ដោយសារចំនួនទាបបំផុតគឺតែ ១០០,០០០ប៉ុណ្ណោះ។ ក៏ប៉ុន្តែពិភពលោក ទំនងជានឹងមិនទទួលស្គាល់ Asgardia ជារដ្ឋអធិបតេយ្យមួយនោះឡើយ ទោះបីជាពេលនេះ វាបានកាន់កាប់តំបន់នៅទីអវកាសយ៉ាងណាក្តី៕