(វ៉ាស៊ីនតោន)៖ សមាជិកសភាសហរដ្ឋអាមេរិក លោក Trent Franks ត្រូវបានចោទប្រកាន់ពីបទចង់បៀតបៀតផ្លូវភេទ ពីសំណាក់លេខាផ្ទាល់ខ្លួនរបស់លោក ហើយលោកបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា «នឹងលាលែងពីតំណែងឲ្យបានឆាប់» ដោយមិនចាំដល់ដើមឆ្នាំក្រោយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Franks បានបញ្ជាក់យ៉ាងដូច្នេះថា កាលបរិច្ឆេទនៃការលាលែងពីតំណែង សមាជិករដ្ឋសភាត្រូវបានផ្លាស់ប្តូរហើយ បន្ទាប់ពីភរិយារបស់លោក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺយ៉ាងបន្ទាន់។ លោក Franks អះអាងច្បាស់ៗបែបនេះថា «ក្រោយពីបានពិភាក្សាជាមួយក្រុមគ្រួសារខ្ញុំរួចមក យើងក៏បានសម្រេចរួមគ្នាតែម្តងថា វាជាការប្រសើរសម្រាប់ខ្ញុំ ក្នុងការលាលែងចេញពីសមាជិកសភា នៅថ្ងៃទី០៨ ខែធ្នូ នេះតែម្តង»។
គួរបញ្ជាក់ថា ការប្រកាសខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកសភា មកពីគណបក្សសាធារណរដ្ឋរបស់ លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកសម្រេចចិត្តលាលែងពីតំណែង នៅដើមខែមករា ឆ្នាំក្រោយ បន្ទាប់ពីបានលេចលឺព័ត៌មានចោទប្រកាន់ថា លោកធ្លាប់សុំឲ្យអតីតលេខាពីររូបពពោះកូនឲ្យលោក។
ព័ត៌មានខាងលើនេះបានបន្តទៀតថា លោក Franks បានស៊ូទ្រាំរស់នៅជាមួយភរិយាជាច្រើនឆ្នាំដោយគ្មានកូនមួយគ្រាប់នោះឡើយ។ លោក Franks ក៏បានបកស្រាយដែរថា លោកធ្លាប់សុំឲ្យលេខាសភាទាំងពីររូប ជួយពពោះកូនឲ្យលោក ប៉ុន្តែលោកបញ្ជាក់ថា នេះជាការស្នើសុំការស្ម័គ្រចិត្ត ពីពួកគេប៉ុណ្ណោះ ដោយមិនមែនជាការការបង្ខិតបង្ខំ ឬក៏នាំកើតមានសម្ព័ន្ធភាពផ្លូវភេទ រវាងលោកជាមួយមន្ត្រីសភាទាំងពីររូបនោះឡើយ៕