(ហួស្តុន)៖ មនុស្ស ០៣នាក់ បានបាត់បង់ជីវិត នៅក្នុងករណីបាញ់ប្រហារមួយ ក្នុងទីក្រុងហួស្តុន នៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្កេតនៅតំបន់កើតហេតុ និងតាមចាប់ជនសង្ស័យ ដែលជិះរថយន្តគេចខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
ប៉ូលិសក្នុងសង្កាត់ Harris នៃទីក្រុងហួស្តុនបានអះអាងថា ប្រជាជន ០៣នាក់ខាងលើនេះ បានស្លាប់នៅក្នុងការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងដែលជិះរថយន្តប្រភេទ Acura ពណ៌ក្រហម ជាស៊េរីចេញនៅឆ្នាំ១៩៩៨ និងបានគេចចេញពីកន្លែងកើតហេតុភ្លាមៗ ក្រោយបង្កការបាញ់ប្រហារបានសម្រេចផងដែរ។
គួរបញ្ជាក់ថា ករណីបាញ់ប្រហារនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី សិស្សសាលាពីរនាក់ និងខ្មាន់កាំភ្លើងម្នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារ កាលពីម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសាលាឈ្មោះ Aztec High School ក្នុងតំបន់ អាសតិច (Aztec) ដែលស្ថិតនៅចំងាយ ២៩០គីឡូម៉ែត្រ ពីភាគពាយ័ព្យរដ្ឋ New Mexico៕