(ប៉ូឡូញ)៖ ក្រសួងការពារជាតិប៉ូឡូញ កំពុងតែស្វែងរកប្រព័ន្ធខែលការពារមីស៊ីល ដែលមានរយៈចម្ងាយមធ្យម ដូចជាប្រភេទ Patriot ជាដើម ក៏ប៉ុន្តែតម្លៃលក់នៃប្រព័ន្ធនេះនាពេលបច្ចុប្បន្ន របស់ទីក្រុងវ៉ាស៊ីនតោន គឺមិនអាចទទួលយកបានឡើយ បើតាមប្រមុខការពារជាតិរបស់ប៉ូឡូញ បានបង្ហើបឲ្យដឹង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិអាមេរិក បានប្រកាសអំពីគម្រោងនៃការលក់មីស៊ីល PAC-3 ចំនួន ២០៨គ្រាប់ រួមជាមួយប្រព័ន្ធបាញ់ ១៦គ្រឿង ក៏ដូចជាប្រព័ន្ធរ៉ាដា ០៤គ្រឿង ព្រមទាំងបរិក្ខាយោធា និងសេវាពាក់ព័ន្ធដទៃៗទៀត មកឲ្យរដ្ឋាភិបាលប្រទេសប៉ូឡូញ ក្នុងតម្លៃ ១០.៥ពាន់លានដុល្លារ ខណៈប៉ូឡូញបានចាត់ចែងថវិកាតែប្រមាណ ៨.៤១ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីទំនើបកម្មលើប្រព័ន្ធមីស៊ីលរបស់ខ្លួន។
ជុំរិញរឿងទិញសព្វាវុធនេះ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Bartosz Kownacki បានថ្លែងថា «តម្លៃដ៏ថ្លៃបែបនេះ គឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់យើង ហើយតម្លៃនេះ គឺពុំអាចទទួលយកបាននោះទេ សម្រាប់ពួកយើង»។ លោក Kownacki បានឲ្យដឹងថា ប៉ូឡូញកំពុងតែរង់ចាំលិខិតព្រមព្រៀងមួយ ស្តីពីលក្ខខណ្ឌនៃការលក់សព្វាវុធខាងលើ ដែលអ្នកចរចារបស់ភាគីទាំងពីរ គ្រោងនឹងរិះរកមធ្យោបាយ ដើម្បីកាត់បន្ថយតម្លៃ៕