(អាហ្រ្វិក)៖ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ យ៉ាងតិច ១៤នាក់ បានបាត់បង់ជីវិត និង ៥២នាក់ ផ្សេងទៀតបានទទួលរបួស នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ ជាហេតុការណ៍ដែលអង្គការពិភពលោកមួយនេះ បានថ្កោលទោសធ្ងន់ៗ និងអះអាងថា ជាការវាយប្រហារដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
បើតាម UN កងទ័ពកុងហ្គោផ្ទាល់ចំនួន ០៥នាក់ ក៏បានបានស្លាប់ផងដែរ នៅក្នុងការវាយប្រហារខាងលើ ដែលកើតឡើងនៅឯខេត្ត North Kivu ភាគខាងកើតប្រទេសអាហ្រ្វិកកណ្តាលមួយនេះ។ ជុំវិញហេតុការណ៍នេះ អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរែស (Antonio Guterres) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសធ្ងន់ៗ និងបានចាត់ទុកការវាយប្រហារដោយចេតនាទាំងនេះថា មិនអាចទទួលយកបាន និងជាឧក្រិដ្ឋកម្មសង្រ្គាម។ លោក Guterres បានបញ្ជាក់ថា វាគឺជាការវាយប្រហារអាក្រក់បំផុតមកលើកងរក្សាសន្តិភាព នៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ របស់ UN។
គួរជម្រាបថា ការវាយប្រហារខាងលើ បានផ្ទុះឡើងនៅឯមូលដ្ឋានមួយកន្លែង ក្នុងក្រុង Beni នៃខេត្ត North Kivu ដែលជាទីកន្លែងរបស់បេសកកម្មរក្សាស្ថិរភាព UN ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ថា MONUSCO។ ម៉្យាងវិញទៀតតំបន់នេះ តែងតែបានទទួលរងការវាយប្រហារ ជាច្រើនលើកច្រើនសា ពីសំណាក់ក្រុមឧទ្ទាម ADF៕