(យូអិន)៖ មន្ត្រីទូតតំណាងចក្រភពអង់គ្លេស នៅអង្គការសហប្រជាជាតិ បានបញ្ជាក់ច្បាស់ៗនៅទីស្នាក់ការរបស់ខ្លួន ក្នុងទីក្រុងញូយ៉កថា សម្ព័ន្ធមិត្តដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ នឹងមិនរើស្ថានទូតពីទីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹម ដូចអ្វីដែល លោក ដូណាល់ ត្រាំ បានសម្រេច និងកំពុងធ្វើនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ UN លោក ម៉ាតង់ស៊ូ រីក្រូហ្វ (Matthew Rycroft) បានបញ្ជាក់ថា «ជំហររបស់ចក្រភពអង់គ្លេស ទៅលើហ្សេរុយសាឡឹម គឺច្បាស់លាស់ និងយូរអង្វែង។ វាគួរតែត្រូវបានដោះស្រាយ តាមរយៈកិច្ចចរចាដែលបង្កើតឡើងដោយ ជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយក្នុងនោះ ហ្សេរុយសាឡឹម គួរតែត្រូវបានទទួលស្គាល់ជារដ្ឋធានីរួម នៃរដ្ឋអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន។ ដូច្នេះយើងសូមប្រឆាំង ចំពោះសេចក្តីសម្រេចជាឯកតោភាគីរបស់អាមេរិក ក្នុងការផ្លាស់ប្តូរស្ថានទូតពីទីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹម ទាំងមិនទាន់មានកិច្ចព្រមព្រៀងរួមមួយត្រូវបានសម្រេចផង»។
គួរជម្រាបថា ក្នុងអំឡុងនៃការថ្លែងសុន្ទរកថាមួយចេញពីសេតវិមាននាសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តទទួលស្គាល់ ទីក្រុងពិសិដ្ឋ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ហើយបានបញ្ជាឲ្យរៀបចំដំណើរការរុះរើស្ថានទូតអាមេរិកភ្លាមៗ ចេញពីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមតែម្តង៕