(ញូដេលី)៖ រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក រ៉ាចណាត ស៊ីង (Rajnath Singh) បានជំរុញឱ្យអាជ្ញាធររបស់ខ្លួន នៅក្នុងរដ្ឋចំនួន ០៥ ដែលមានព្រំដែនជាប់ជាមួយប្រទេសបង់ក្លាដែស បង្កើនការ ប្រុងប្រយ័ត្នក្នុងការទប់ស្កាត់លំហូរចូល របស់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមមន្ត្រីឥណ្ឌាម្នាក់ ការបញ្ជាដោយផ្ទាល់ពី លោក Rajnath Singh ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយបណ្ដារដ្ឋមន្ត្រី នៃរដ្ឋឥណ្ឌាទាំង ០៥ នៅភាគខាងកើតនៃ ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ មានដូចជារដ្ឋ West Bengal, Assam, Mizoram, Meghalaya និងរដ្ឋ Tripura។ មន្ត្រីរូបនេះដដែល ក៏បានបញ្ជាក់ផងដែរថា បទបញ្ជានេះ គឺធ្វើឡើងក្នុងគោលបំណងរក្សាសន្តិសុខ ព្រមទាំងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នៅតាមតំបន់ព្រំដែនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមទប់ស្កាត់លំហូរចូល នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបាននិងកំពុងរត់គេចចេញពីអំពើហិង្សា នៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ខណៈជនជាតិដើមភាគតិចមួយនេះជាង ៤០,០០០នាក់ កំពុងស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នលើទឹកដីឥណ្ឌា អស់ពេលជាច្រើនឆ្នាំមកនេះ ហើយមួយ ភាគបីនៃពួកគេត្រូវបានចុះបញ្ជីជាមួយទីភ្នាក់ងារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ៕