(ប៉ារីស)៖ រដ្ឋមន្ត្រីការទេសបារាំង លោក Jean-Yves le Drian នៅថ្ងៃសុក្រនេះ បាននិយាយថា សកម្មភាពប្រឆាំងអ៊ីស្រាអែល ឬគេស្គាល់ថា intifada អាចនឹងបង្កជា ហានិភ័យនៅលើទឹកដីប៉ាឡេស្ទីន ហើយលោកក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល គឺជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ ប៉ុន្តែលោកសូមឲ្យគ្រប់គ្នាមានការស្ងប់ស្ងាត់ កុំឲ្យស្ថានការណ៍កាន់តែរីកធំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបារាំង Le Figaro នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
លោក Jean-Yves le Drian ថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង France inter តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនទីក្រុងប៉ារីស ត្រូវទទួលស្វាគមន៍ដំណើរទស្សន កិច្ចរបស់នាយករដ្ឋមន្រ្តីអ៊ីសា្រអែល លោក Benyamin Netanyahou នៅថ្ងៃអាទិត្យនេះ។ រដ្ឋមន្ត្រីការបទេសបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្ត របស់លោក ដូណាល់ ត្រាំ គឺជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយយើងជំទាស់នឹងការសម្រេចិត្តបែបនេះ... ប៉ុន្តែយើងនៅតែអំពាវនាវឱ្យមានការរក្សាភាពស្ងៀមស្ងាត់»។
ដោយឡែកនៅពេលត្រូវបានសាកសួរ ទាក់ទិននឹងការអំពាវនាវឱ្យប្រឆាំងអ៊ីស្រាអែល ពីសំណាក់ក្រុមហាម៉ាស់ លោក le Drian បានឆ្លើយថា វាគឺជាហានិភ័យ។
សូមជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយក៏បាន បញ្ជាឱ្យក្រសួងការបរទេសអាមេរិក ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមផងដែរ។ ក៏ប៉ុន្តែបណ្ដាប្រទេសជាច្រើនរួមទាំង សហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្ដីថ្លែងការណ៍រិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ខណៈក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)៕