(ព្រុចសែល)៖ នៅទីបំផុតចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ស្ដីពីការលែងលះគ្នា ឬ Brexit នៅថ្ងៃសុក្រនេះ ហើយដែលវានឹងក្លាយ ជាការត្រួសត្រាយផ្លូវ ឆ្ពោះទៅរកកិច្ចពិភាក្សាដំណាក់កាលទី ២ ពាក់ព័ន្ធនឹងជោគវាសនា នៃទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទំាងពីរ។ នេះបើតាមលោក Jean-Claude Juncker ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងព្រុចសែល ព្រឹកថ្ងៃសុក្រនេះប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស គឺសម្បទានមួយ ខណៈការចរចាគឺជារឿងមួយដ៏ពិបាកសម្រាប់សហភាពអឺរ៉ុប រួមទាំងចក្រភពអង់គ្លេស ប៉ុន្តែយើងសង្ឃឹមថា សមាជិកទាំង ២៧ ផ្សេងទៀតនៃសហភាពអឺរ៉ុប នឹងសម្រេចចិត្តបើកទ្វារចរចា នៅដំណាក់កាលទីពីរ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May រំពឹងថា កិច្ចព្រមព្រៀងលើលក្ខខ័ណ្ឌលែងលះ ឬ Brexit អាចនឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាអឺរ៉ុបនៅសប្ដាហ៍ក្រោយ ខណៈអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅខែមីនា ឆ្នាំ២០១៩៕