(ម៉ូស្គូ)៖ ការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល កំពុងបង្កជាភាពច្របូកច្របល់ជាសកល ជាពិសេសនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាទីដែលតួកគី បានចាត់ទុកថា ក្លាយទៅជាគ្រាប់បែករង់ចាំតែផ្ទុះតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីស្រាអែល ហើយក៏បានបញ្ជាឱ្យក្រសួងការបរទេស អាមេរិកត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិក ពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមផងដែរ។ ក៏ប៉ុន្តែបណ្ដាប្រទេសជាច្រើន រួមទាំងសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្ដីថ្លែងការណ៍រិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ដោយក្នុងនោះគេឃើញថា តួកគី អ៊ីរ៉ង់ មេដឹកនាំក្រុមហេសប៊ូលឡាលីបង់ និងក្រុមហាម៉ាស់ប៉ាឡេស្ទីន បានព្រមានសហរដ្ឋអាមេរិកធ្ងន់ៗជាងគេ។
ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅឯទីក្រុងតេហេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី បានលើកឡើងយ៉ាងដូច្នេះថា «ការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី របស់អ៊ីស្រាអែលដោយ លោក ដូណាល់ ត្រាំ នឹងបង្កទៅជាគ្រោះមហន្តរាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រោះអី ការសម្រេចចិត្តបែបនេះ វាប្រៀបទៅនឹងការដកគន្លឹះគ្រាប់បែក ដែលរង់ចាំតែផ្ទុះ គ្រវែងចូលទៅក្នុងតំបន់... ដូច្នេះយើងជម្រុញឱ្យទីក្រុងវ៉ាស៊ីនតោន ពិចារណាឡើងវិញជាថ្មី»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនប៉ាឡេស្ទីនបាននំាគ្នាធ្វើការតវ៉ាក្នុងតំបន់ West Bank និងតំបន់ Gaza ហើយអំពើហិង្សាក៏បានផ្ទុះឡើងផងដែរ ដោយបានបណ្ដាលឱ្យ មនុស្ស ៣១នាក់ រងរបួសដោយសារគ្រាប់កាំភ្លើងជ័ររបស់យោធាអ៊ីស្រាអែល។ តែគួរឱ្យកត់សម្គាល់ ក្រុមហាម៉ាស់ប៉ាឡេស្ទីន បានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនទំាងអស់ បោះបង់ ចោលកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ហើយក្រោកឈរឡើង ប្រឆាំងនឹងអ៊ីសា្រអែល។ «យើងត្រូវក្រោកឈរឡើង ហើយយើងត្រូវធ្វើការងាររួមគ្នា ដើម្បីធ្វើប្រតិបត្តិការប្រឆាំងនឹង សត្រូវរបស់យើង គឺអ៊ីស្រាអែល»។ នេះបើតាមមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh៕