(កង់បេរ៉ា)៖ អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសអូស្រ្ដាលី នឹងមានសិទ្ធិរៀបការជាមួយនឹងគ្នាដោយស្របច្បាប់ បន្ទាប់សេចក្ដីព្រាងច្បាប់ ត្រូវបានសភាអូស្ត្រាលីអនុម័ត។ នេះបើ តាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
សមាជិសភាអូស្ត្រាលីភាគច្រើន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបោះឆ្នោតអនុម័តផ្លាស់ប្ដូរច្បាប់អាពាហ៍ពិពាហ៍ តែ០៨ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការសម្រេចចិត្តដូចគ្នានេះ ក៏ត្រូវបានធ្វើឡើងផងដែរ នៅក្នុងព្រឹទ្ធសភា។ ម្យ៉ាងវិញទៀត តាមរយៈលទ្ធផលនេះ វាបានបញ្ចប់ភាពចម្រូងចម្រាសដ៏ជូរចត់ នៃការជជែកដេញដោលស្ដីពីការអនុញាត ឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការ ដោយស្របច្បាប់ ហើយមិនមិនតែប៉ុណ្ណោះ ក្រុមអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើន បានធ្វើដំណើរទៅកាន់ទីក្រុងកង់បេរ៉ា ដើម្បីរង់ចាំមើលលទ្ធផល។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ខាងលើត្រូវបានសភាតំណាងរាស្ត្រអូស្ត្រាលី អនុម័តបន្ទាប់ពីប្រជាជនអូស្ត្រាលីច្រើនជាង ១២.៧លាននាក់ ឬស្មើនឹង ៧៩.៥ភាគរយ បានបោះឆ្នោតគាំទ្រ ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងការស្ទង់មតិមួយដោយស្ម័គ្រចិត្ត។ ចំណែកឯ អភិបាលរដ្ឋទាំងអស់ ត្រូវបានគេរំពឹងថា នឹងអនុម័តលើច្បាប់ថ្មីនេះ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះក្លាយទៅជាច្បាប់៕