(ប៉េកាំង)៖ ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះ នៃវេទិកាពិភាក្សាអន្តរជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅជុំវិញពិភពលោក មហាយក្សចិនបានធ្វើការអំពាវនាវដោយទទូចឲ្យសហគមន៍អន្តរជាតិ គោរពហើយស្វែងយល់ឲ្យបានស៊ីជម្រៅ ចំពោះឆន្ទៈរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងវេទិកា South-South Human Rights ដែលបានចាប់ផ្តើមប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា «វាគឺជារឿងដ៏សំខាន់ខ្លាំងណាស់ ដែលសហគមន៍អន្តរជាតិ មានការគោរពហើយខិតខំស្វែងយល់អំពីឆន្ទៈ របស់ប្រជាជននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្រោមស្មារតីយុត្តិធម៌ ស្មើភាព បើកចំហ និងការរួមបញ្ចូល»។
សារខាងលើនេះបានបន្តថា «នាពេលកន្លងមក ប្រជាពលរដ្ឋនៅក្នុងបណ្តាប្រទេសទាំងនោះ បានខិតខំតស៊ូព្យាយាមជាខ្លាំង ដើម្បីការរំដោះ និងឯករាជ្យភាពជាតិមាតុភូមិរបស់ពួកគេ ដើម្បីសិទ្ធិសេរីភាព និងសមភាព, ដើម្បីសេចក្តីថ្លៃថ្នូរ និងសុភមង្គល និងដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍ។ ហេតុដូច្នេះហើយ ពួកគេក៏បានចូលរួមចំណែកជាច្រើន ក្នុងវឌ្ឍនភាពនៃសិទ្ធិមនុស្ស នៅលើពិភពលោកផងដែរ»។
គួរជម្រាបថា មន្រ្តីព្រមទាំងអ្នកជំនាញជាង ៣០០នាក់ មកពីបណ្តាប្រទេស និងអង្គការអន្តរជាតិច្រើនជាង ៧០ បាននិងកំពុងប្រមូលផ្តុំគ្នា នៅក្នុងប្រទេសចិន ដើម្បីដោះដូរទស្សនៈ ជុំវិញការវិត្តន៍នៃបញ្ហាសិទ្ធិមនុស្ស នៅក្នុងវេទិការយៈពេល ០២ថ្ងៃ ដែលនឹងត្រូវបិទបញ្ចប់នាថ្ងៃសុក្រនេះ៕