(ទ្រីប៉ូលី)៖ ក្រោយពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរ ស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល ពីទីក្រុងតែលអាវីវ (Tel Aviv) ទៅកាន់ទីក្រុងហ្សេរុយសាឡឹមដ៏ចម្រូងចម្រាសនោះ បណ្តាប្រទេសជាច្រើន នៅតែបន្តធ្វើការថ្កោលទោសជាខ្លាំង ចំពោះការសម្រេចចិត្តនេះ ហើយក្នុងចំណោមនោះក៏មានលីប៊ីផងដែរ ដែលបានចេញមុខអំពាវនាវដល់ជនរួមជាតិលីប៊ី ក៏ដូចជាជនមូស្លីមទាំងអស់ នៅទូទាំងពិភពលោករួមគ្នាធ្វើមហាបាតុកម្មដោយសន្តិវិធី ប្រឆាំងនឹងលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ឧត្តមក្រុមប្រឹក្សាលីប៊ី បានចេញសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «យើងទាមទារឲ្យសហគមន៍អន្តរជាតិ អង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ ប្រកាន់គោលជំហរឲ្យបានច្បាស់ ហើយចាត់វិធានការទប់ស្កាត់ការអនុវត្ត នៃការសម្រេចចិត្តរបស់លោក ត្រាំ ដើម្បីថែរក្សាតុល្យភាពរួមទាំងស្ថិរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ការបោះជំហានរបស់លោក ត្រាំ នេះ ជុំវិញបញ្ហាហ្សេរុយសាឡឹម នឹងបង្កផលប៉ះពាល់ដល់ក្តីសង្ឃឹមទាំងឡាយ សម្រាប់ការស្វែងរកដំណោះស្រាយដើម្បីសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់។
គួរជម្រាបថា ក្នុងអំឡុងនៃការថ្លែងសុន្ទរកថាមួយចេញពីសេតវិមាននាសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តទទួលស្គាល់ ទីក្រុងពិសិដ្ឋ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ហើយបានបញ្ជាឲ្យរៀបចំដំណើរការរុះរើស្ថានទូតអាមេរិកភ្លាមៗ ចេញពីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមតែម្តង៕