(ហ្កាហ្សា)៖ ក្រុមហាម៉ាស់-ប៉ាឡេស្ទីន ប្រចាំនៅតំបន់ ហ្កាហ្សាស្ទ្រីព (Gaza) បានចេញមុខជំរុញឱ្យប្រជាជនប៉ាឡេស្ទីន ទំាងអស់ បោះបង់ចោលកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ហើយក្រោកឈរឡើងប្រឆាំងនឹង អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែល កាលពីថ្ងៃពុធកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ជុំវិញការប្រកាសទទួលស្គាល់នេះដែរ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនប៉ាឡេស្ទីនបាននំាគ្នាធ្វើការតវ៉ាក្នុងតំបន់ វែសត៍ ប៊ែង (West Bank) និងតំបន់ Gaza រីឯអំពើហិង្សាក៏បានផ្ទុះឡើងផងដែរ ដោយបានបណ្ដាលមនុស្ស ៣១នាក់ រងរបួសដោយសារគ្រាប់កាំភ្លើងជ័រ របស់យោធាអ៊ីស្រាអែល ដែលបានអះអាងថា យន្ដហោះចម្បាំង និងរថក្រោះរបស់ខ្លួនបានវាយប្រហារលើ គោលដៅចំនួនពីរនៃក្រុមហាម៉ាស់ បន្ទាប់ពីគ្រាប់រ៉ុក្កែតបីគ្រាប់ ត្រូវបានបាញ់ចូលក្នុងដីអ៊ីស្រាអែល។
ទោះយ៉ាងនេះក្ដី មេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីស្មែល ហានីយ៉េហ៍ (Ismail Haniyeh) បានជំរុញឱ្យប្រជាជនប៉ាឡេស្ទីនទំាងអស់ បោះបង់ចោលកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ហើយក្រោកឈរឡើងប្រឆាំងអ៊ីស្រាអែល។ «យើងត្រូវក្រោកឈរឡើង ហើយយើងត្រូវធ្វើ ការងាររួមគ្នា ដើម្បីធ្វើប្រតិបត្តិការប្រឆាំងនឹងសត្រូវរបស់យើង គឺអ៊ីស្រាអែល»។ នេះបើតាមលោក Ismail Haniyeh។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ប៉ុន្តែទន្ទឹមគ្នា ការសម្រេចចិត្តនេះ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់បណ្ដាប្រទេសនានា ជាពិសេសគឺបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម ដែលបានព្រមានថា ជម្លោះ និងអំពើហិង្សា នឹងផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕