(អាហ្សង់ទីន)៖ អតីតប្រធានាធិបតីអាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វែណាន់ដែស (Cristina Fernadez de Kirchner) ត្រូវបានចៅក្រមម្នាក់បញ្ជាឲ្យធ្វើការចាប់ខ្លួន ក្រោមការចោទប្រកាន់ដោយគ្មានភស្តុតាងថា លោកស្រី បានលាក់បាំងករណីមានជាក់ពាក់ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងសោកនាដកម្មបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ១៩៩៤ ដែលបានផ្តាច់យកជីវិតមនុស្សចំនួន៨៥នាក់ នៅមជ្ឈមណ្ឌលសហគមន៍ជនជាតិជ្វីបមួយកន្លែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ចៅក្រមអាហ្សង់ទីនដ៏មានឥទ្ធិពលម្នាក់គឺ លោក កាឡូស បូណាឌីយ៉ូ (Carlos Bonadio) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអះអាងថា លោកស្រី Kirchner ដែលបានដឹកនាំប្រទេសនៅតំបន់អាមេរិកខាងត្បូងនេះ កាលពីចន្លោះឆ្នាំ២០០៧ និង២០១៥នោះ ត្រូវតែស្ថិតក្រោមការឃុំឃាំងជាបណ្តោះអាសន្ន មុនពេលមានការជំនុំជម្រះក្តីនៅតុលាការ និងត្រូវដកអភ័យឯកសិទ្ធិចោលថែមទៀត។ ជាមួយគ្នានេះ សេចក្តីបង្គាប់របស់ចៅក្រមខាងលើ ក៏បានអំពាវនាវឲ្យមានការចាប់ខ្លួន លោក ហិចធើ ធីមើម៉ាន់ (Hector Timerman) ដែលជាអតីតរដ្ឋមន្រ្តីការបរទេសអាហ្សង់ទីន ព្រមទាំងមន្រ្តីមួយចំនួនផ្សេងទៀតផងដែរ ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋបាលទាំង២អាណត្តិ របស់លោកស្រី Kirchner។
គួរជម្រាបថា លោកស្រី Cristina Kirchner បានរងការចោទប្រកាន់ពីបទក្បត់ជាតិ និងធ្វើអន្តរាគមន៍ ក្នុងការស៊ើបអង្កេតទៅលើករណីបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ១៩៩៤ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋាភិបាលអាហ្សង់ទីន និងរដ្ឋាភិបាលអ៊ីរ៉ង់។ ការចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១២នេះ បានអនុញ្ញាតឲ្យបណ្តាមន្រ្តីអ៊ីរ៉ង់ ដែលជាប់សង្ស័យថានៅពីក្រោយខ្នង ការវាយប្រហារទៅលើមជ្ឈមណ្ឌលសហគមន៍ជនជាតិជ្វីប AMIA ដែលបានសម្លាប់មនុស្ស៨៥នាក់ និងបង្ករបួស៣០០នាក់ ស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងប្រទេសរបស់ពួកគេ ជាជាងនៅក្នុងប្រទេសអាហ្សង់ទីន ដែលជាទីកើតហេតុ៕