(ហ្សាកាតា)៖ ស្ថានទូតអាមេរិក ប្រចាំប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយសារព្រមានពីសន្តិសុខ សម្រាប់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិត ឬរស់នៅក្នុងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែល និងក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រកាសថ្កោលទោសខ្លាំងៗ លើការសម្រេចចិត្តបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតអាមេរិកក៏បានព្រមានដែរថា ការទទួលស្គាល់នេះអាចនឹងជំរុញឱ្យមានការតវ៉ា ដែលអាចនឹងផ្ទុះទៅជាអំពើហិង្សា។ ស្ថាន ទូតអាមេរិកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សាការតា សូមរំលឹកដល់ពលរដ្ឋអាមេរិក ពីភាពចាំបាច់នៃការប្រុងប្រយ័ត្ន និងស្វែងយល់ពីសន្តិសុខផ្ទាល់ខ្លួន ដោយត្រូវនៅឱ្យឆ្ងាយពីការតវ៉ា ស្ដាប់តាមការណែនាំពីអាជ្ញាធរនៅក្នុងតំបន់ ព្រមទាំងតាមដានការវិវត្តន៍ព័ត៌មាន ឱ្យបានដិតដល់»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែល ដែលខ្លួននឹងរុះរើស្ថានទូតទៅកាន់ទីនោះវិញ ប៉ុន្តែប្រទេសជាច្រើនក្នុងនោះមានទាំង ឥណ្ឌូណេស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ និងអំពាវនាវឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ៕