(សេអ៊ូល)៖ កូរ៉េខាងជើងបានទាត់​ចោល ការថ្កោលទោស​លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបស់ខ្លួន​ពីសំណាក់​សហរដ្ឋអាមេរិក ដោយថែមទំាង​ព្រមានចំៗថា នឹងមិនគេចចេញពី សង្រ្គាមជាមួយ​ទីក្រុងវ៉ាស៊ីនតោន​ឡើយ បើទោះជាទីក្រុងព្យុងយ៉ាង​មិនចង់ឱ្យសង្រ្គាម​កើតឡើង​ក៏ដោយ។ នេះបើតាម KCNA ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

ស្ថានីយទូរទស្សន៍​រដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើអ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បានលើកឡើង​យ៉ាងដូច្នេះថា «​យើងមិនដែលប្រាថ្នា​ចង់ធ្វើសង្រ្គាម​នោះទេ ប៉ុន្តែយើងនឹង មិនគេចចេញ​ពីសង្រ្គាម​ជាដាច់ខាត ហើយបើសិនជា​សហរដ្ឋអាមេរិក​ គិតខុសពីការអត់ធ្មត់​របស់​យើង ឬក៏ចង់ផ្សងព្រេង​ប្រកាសសង្រ្គាម​នុយក្លេអ៊ែរ ជាមួយនឹងពួកយើង នោះយើងមាន តែស្វាគមន៍​ក៏ដូចជានឹងផ្ដល់​មេរៀនដ៏ជូរចត់ដល់សហរដ្ឋអាមេរិក ដោយអាវុធ​នុយក្លេអ៊ែរដ៏​មានឥទ្ធិពល​របស់យើង»

គួរបញ្ជាក់ថា ការព្រមាន​បែបនេះ​របស់កូរ៉េខាងជើង កើតមានឡើង​នៅចំពេល​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កំពុងដឹកនាំ​សមយុទ្ធយោធា​អាកាស​ទ្រង់ទ្រាយធំ នៅលើ​ឧបទី្វបកូរ៉េ ជាមួយការចូលរួម​ពីយន្ដហោះ​ចម្បាំងជាង ២៣០គ្រឿង ក្នុងនោះរួមមាន​ទំាងយន្ដហោះ​ទម្លាក់គ្រាប់បែក​អាមេរិក B-1B និងយន្ដហោះ​ចម្បាំងបំបាំងកាយ F-22 Raptor។ ប៉ុន្តែនេះ មិនមែនជាលើក​ទីមួយឡើយ ដែលកូរ៉េខាងជើង​ព្រមាន​សហរដ្ឋអាមេរិក ដោយគ្រាន់​តែការព្រមាន​ពេលនេះ ខុសប្លែកកាលពីលើកមុន ត្រង់កូរ៉េខាងជើង​ទើបតែប្រកាស​ខ្លួនឯង​ជារដ្ឋ នុយក្លេអ៊ែរ​ក្រោយបាញ់សាកល្បង​មីស៊ីលឆ្លងទ្វីប​ដោយជោគជ័យ កាលពីចុងខែវិច្ឆិកាកន្លងទៅ៕