(បរទេស)៖ វិស័យអវកាស និងវិទ្យាសាស្ត្រ គឺភាគច្រើនទទួលការចាប់អារម្មណ៍ខ្លាំង សម្រាប់តែប្រទេស ដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងក្លាប៉ុណ្ណោះ ព្រោះវាជាវិស័យដែលមានទស្សនវិស័យវែងឆ្ងាយបំផុត និងផ្តល់ផលប្រយោជន៍យូរអង្វែង សម្រាប់មនុស្សលោកលើផែនដី ប៉ុន្តែត្រូវការចំណាយថវិកាជាតិច្រើនបំផុត។ នេះបើតាមការវែបសាយ Aero Space ដែលត្រូវបានដកស្រង់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលមានការនាំមុខគេបំផុតក្នុងវិស័យវិទ្យាសាស្ត្រ និងអវកាស ប្រចាំឆ្នាំ២០១៧នេះ ដោយរាប់ពីតូចទៅធំ៖
១០៖ ប្រទេសលុចហ្សំបួរ៖ ប្រទេសអឺរ៉ុបមួយនេះ មានការយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យអវកាស និងការស្រាវជ្រាវវិទ្យាសាស្ត្រដែលពាក់ព័ន្ធ ដោយប្រទេសនេះក៏ជាសមាជិកមួយដែររបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ហើយប្រទេសដ៏សុខសាន្តនេះ ក៏ចាត់ទុកការស្រាវជ្រាវទីអវកាស ជាផែនការអភិវឌ្ឍថ្នាក់ជាតិទៀតផង ដោយផ្តោតលើវិស័យទូរគមនាគមន៍, ការអង្កេតភពផែនដី, សន្តិសុខនាវាចរ និងបច្ចេកវិទ្យាអវកាស។
០៩៖ ប្រទេសបារាំង៖ ប្រទេសសេដ្ឋកិច្ចយក្សទី ៥ លើលោកមួយនេះ មានការរីកចំរើនខ្លាំង ដែលផ្នែកអវកាសស៊ីវិល និងអវកាសយោធា។ បារាំងជាប្រទេសដែលតែងតែឧបត្ថមធំជាងគេមួយ ទៅដល់ទីភ្នាក់ងារអវកាស ESA សម្រាប់កិច្ចការអវកាសរួម។ បន្ថែមពីនេះកម្មវិធីអភិវឌ្ឍន៍អវកាសសម្រាប់យោធា ក៏មានសមត្ថភាពខ្លាំងក្លាផងដែរ ដោយផ្តោតទៅលើ ផ្កាយរណបអង្កេតផែនដី, ផ្កាយរណបស៊ើបការណ៍ និងឲ្យសញ្ញា ព្រមទាំងផ្កាយរណប ដើម្បីបម្រើវិស័យយោធាមួយចំនួន។
០៨៖ ប្រទេសអាល្លឺម៉ង់៖ ប្រទេសសេដ្ឋកិច្ចលេខ ៤ លើពិភពលោកមួយនេះ ពិតជាពោពេញដោយសក្កានុពលលើគ្រប់វិស័យ ហើយសម្រាប់វិស័យអវកាសវិញ ក៏កាន់តែពិសេសផងដែរ។ គ្រាន់តែកម្មវិធីពាក់ព័ន្ធនឹងយាន Huygens ដែលភ្ជាប់ជាមួយ Cassini ទៅស្រាវជ្រាវភពសៅរ៍, យាន Dawn សម្រាប់ស្រាវជ្រាវនៅភពបម្រុង Vesta និង Ceres ព្រមទាំងប្រព័ន្ធចង្អុលទិស Galileo របស់អឺរ៉ុបនោះ ក៏យើងអាចដឹងបានដែរថា ប្រទេសនេះមានអំណាចកម្រិតណា នៅក្នុងការជួយ ESA ស្រាវជ្រាវក្នុងប្រព័ន្ធព្រះអាទិត្យនោះ។
០៧៖ ប្រទេសកាណាដា៖ ប្រទេសសេដ្ឋកិច្ចរីកចំរើនខ្លាំងនៅលើពិភពលោកមួយនេះ ក៏ជាអ្នកដែលសកម្មក្នុងកម្មវិធីស្រាវជ្រាវ បច្ចេកវិទ្យាអវកាសផងដែរ។ ទីភ្នាក់ងារអវកាស កាណាដា CSA បានព្យាយាមផ្កោតសំខាន់លើការអភិវឌ្ឍផ្កាយរណប ជាពិសេសក្នុងទំហំតូចៗជាងគេ។
០៦៖ ប្រទេសឥណ្ឌា៖ មហាយក្សលេខ ២ ប្រចាំតំបន់អាស៊ីមួយនេះ ព្យាយាមដើរតាមគេឯងយ៉ាងខ្លាំង រហូតដល់ក្លាយជាប្រទេសកំពូលមួយដែរ ក្នុងការស្រាវជ្រាវបច្ចេកវិទ្យាអវកាស។ ឥណ្ឌាបានបាញ់ឧបករណ៍អវកាសជាង ៨០គ្រឿង គិតចាប់តាំងពីឆ្នាំ១៩៧៥មក។ ទីភ្នាក់ងារអវកាស ISRO របស់ឥណ្ឌា គឺគ្រប់គ្រងទាំងស្រុងដោយរដ្ឋ ហើយភាគច្រើនគឺផ្តោតសំខាន់លើការផលិតផ្កាយរណប និងប្រព័ន្ធបាញ់បង្ហោះ។ ឥណ្ឌាក៏ជាប្រទេសមានគោលដៅទៅភពអង្គារ និងធ្លាប់បញ្ជូនយានទៅថតរូបភពក្រហមនោះ បានសម្រេចជោគជ័យផងដែរ។
០៥៖ ចក្រភពអង់គ្លេស៖ ប្រទេសដែលទើបធ្លាក់លំដាប់សេដ្ឋកិច្ចមកទី ៦ នៅលើលោកនេះ គឺជាអ្នកដើរតួនាទីសំខាន់បំផុតមួយ នៅក្នុងទីភ្នាក់ងារអវកាស ESA។ អង់គ្លេសបានបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនឈ្មោះ Ariel 1 តាំងពីឆ្នាំ១៩៦២ មកម្ល៉េះ ហើយភាគច្រើននៃផ្កាយរណបរបស់ចក្រភពនេះ គឺមានទំហំធំៗ ដែលទាក់ទងនឹងការស្រាវជ្រាវវិទ្យាសាស្ត្រ យោធា ការរុករក និងទំនាក់ទំនងផងដែរ។
០៤៖ ប្រទេសជប៉ុន៖ បិតានៃបច្ចេកវិទ្យា និងជាប្រទេសសេដ្ឋកិច្ចធំទី ៣ លើពិភពលោកនេះ មានភាពរស់រវើកណាស់ទៅលើវិស័យអវកាសនេះ។ ផ្កាយរណបដំបូងរបស់ជប៉ុន Osumi ត្រូវបានបាញ់បង្ហោះ កាលពីឆ្នាំ១៩៧០ ដែលបានក្លាយជាប្រទេសទី ៤ បន្ទាប់ពីរុស្ស៊ី អាមេរិក និងបារាំង ក្នុងការបាញ់បង្ហោះផ្កាយរណបដោយខ្លួនឯង ទៅកាន់ទីអវកាស។ ផ្កាយរណបជប៉ុនភាគច្រើន គឺបម្រើលើវិស័យ ទំនាក់ទំនង, អង្កេតអាចម៍ផ្កាយ, អង្កេតតារាសាស្ត្រ និងអង្កេតភពផែនដី។ ទីភ្នាក់ងារអវកាសជប៉ុន JAXA គឺជាអ្នកគ្រប់គ្រងកម្មវិធីអវកាសនានា។
០៣៖ ប្រទេសរុស្ស៊ី៖ ទោះបីជាសង្គ្រាមត្រជាក់ រុស្ស៊ីហាក់នៅត្រសងក្នុងការប្រកួតប្រជែងជាមួយអាមេរិកក្តី ប៉ុន្តែពេលនេះអាចបានត្រឹមលេខ ៣ប៉ុណ្ណោះ។ អតីតសហភាពសូវៀតជាអ្នកបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតដំបូង កាលពីឆ្នាំ១៩៥៧ ហើយបច្ចុប្បន្នរុស្ស៊ីជាអ្នកគ្រប់គ្រងផ្កាយរណបច្រើនបំផុតលំដាប់លេខ ៣ នៅក្នុងទីអវកាស។
០២៖ ប្រទេសចិន៖ មហាយក្សដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោក និងសេដ្ឋកិច្ចលេខ ២ ធំជាងគេនេះ គឺកំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដើម្បីឈានទៅរកលេខ ១ នៅប៉ុន្មានទសវត្សរ៍ខាងមុខ។ កម្មវិធីទៅឋានព្រះច័ន្ទដែលជោគជ័យ, ការត្រៀមខ្លួនទៅភពអង្គារ, ការត្រៀមបង្កើតស្ថានីយ៍អវកាសខ្លួនឯង, និងកម្មវិធីចំណាយលុយរាប់រយរាប់ពាន់លានដុល្លារជាច្រើនទៀតនោះ គឺមិនមែនជាក្តីស្រមៃទៀតឡើយសម្រាប់ចិន។ រដ្ឋបាលអវកាសចិន CNSA គឺជាអ្នកគ្រប់គ្រងកម្មវិធីទាំងអស់ ដែលពាក់ព័ន្ធនឹងវិស័យនេះ។
០១៖ សហរដ្ឋអាមេរិក៖ មិនបាច់ប្រាប់ក៏លោកអ្នកអាចស្មានដឹងដែរថា នរណាជាប់លេខ ១ ជាប្រទេសនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាអវកាស។ សហរដ្ឋអាមេរិក ជាអ្នកគ្រប់គ្រងអង្គការ NASA ដ៏ល្បីល្បាញ ព្រមទាំងស្ថានីយ៍អវកាសអន្តរជាតិ ISS។ ភាគជោគជ័យ នៃបេសកកម្មអវកាសរបស់សហរដ្ឋអាមេរិក គឺធំធេងរកអ្វីប្រៀបផ្ទឹមគ្មាននោះឡើយ ជាពិសេសគឺបានជួយដល់ការគ្រប់គ្រងសុវត្ថិភាពផែនដី និងទីអវកាសកាន់តែប្រសើរឡើង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ បេសសកម្មទៅឋានព្រះច័ន្ទ ភពអង្គារ ភពភ្លុយតូ ភពសៅរ៍ ភពព្រហស្បតិ៍ និងទីកន្លែងជាច្រើនទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺបានបង្ហាញយ៉ាងច្បាស់ពីសក្កានុពល និងទស្សនវិស័យដ៏វែងឆ្ងាយ គួរឲ្យកោតសរសើរបំផុត៕