(ឡូសអាន់ជែឡែស)៖ ជាមួយផ្សែងអ័ព្ទយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងដ៏សន្ធោសន្ធៅ នៃភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលកាន់តែខ្លាំងទៅៗ នៅរដ្ឋកាលីហ្វរញ៉ា បានបន្តវាយលុកមកដល់ទីក្រុងឡូសអាន់ជែឡែស (L.A) ថែមទៀត ដែលជាទីប្រជុំជនដ៏ធំសម្បើមមួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
ខណៈអគ្គិភ័យបានរីករាលដាលហួសពីការគ្រប់គ្រង នៅស្ទើរតែពាសពេញភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា អណ្តាតភ្លើងថ្មីបានកើតមានឡើងនៅក្នុងតំបន់ទីប្រជុំជន Bel-Air ជាយទីក្រុងឡូសអាន់ជែឡែស (Los Angeles) និងកំពុងបង្កការគម្រាមកំហែងដល់ទីក្រុង វែនថូរ៉ា (Ventura) ដែលស្ថិតនៅភាគពាយ័ព្យទីក្រុង Los Angeles ផងដែរ។
ជាមួយគ្នានេះមនុស្សជិត ២០០,០០០នាក់ នៅតាមតំបន់មួយចំនួននៃទីក្រុង Los Angeles និង Ventura ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនជាបន្ទាន់ ស្របពេលដែលអាជ្ញាធរបានលើកឡើងថា កម្លាំងខ្យល់បក់សន្ធប់ខ្លាំងៗ ទំនងជានឹងធ្វើឲ្យស្ថានការណ៍ភ្លើងឆេះព្រៃកាន់តែអាក្រក់ថែមទៀត។
ម៉្យាងវិញទៀត សរុបមកទល់ពេលនេះ ករណីភ្លើងឆេះព្រៃនៅភាគខាងលិចសហរដ្ឋអាមេរិកនេះ បានបំផ្លិចបំផ្លាញអគារ ព្រមទាំងលំនៅឋានច្រើនជាង ៣០០កន្លែង ហើយសាលារៀនរាប់រយកន្លែង ត្រូវបានបញ្ជាឲ្យបិទទ្វារពេញមួយសប្តាហ៍ ដោយសារតែផ្សែងខ្មៅយ៉ាងក្រាស់ខ្មឹក កំពុងគ្របដណ្តប់លើផ្ទៃអាកាស ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ១,៧០០នាក់ កំពុងខិតខំពន្លត់អណ្តាតភ្លើងដ៏សន្ធោសន្ធៅនេះ។
គួរជម្រាបថា បើតាមអាជ្ញាធរអាមេរិក រដូវភ្លើងឆេះព្រៃ ជារឿយៗច្រើនតែកើតមានឡើង នៅកំឡុងខែតុលា ជារៀងរាល់ឆ្នាំក្នុងរដ្ឋកាលីហ្វរញ៉ា ប៉ុន្តែពីព្រោះការបញ្ហាបម្រែបម្រួលអាកាសធាតុ ករណីភ្លើងឆេះព្រៃជាច្រើនផ្សេងទៀត កំពុងបន្តកើតមានឡើងនៅកំឡុងខែវិច្ឆិកា និងខែធ្នូ នាចុងឆ្នាំនេះ៕