(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសធំជាងគេនៅតំបន់អាស៊ាន និងមានអ្នកប្រតិបត្តិសាសនាអ៊ីស្លាមធំបំផុត នៅលើពិភពលោកនោះ បានប្រកាសថ្កោលទោសក្នុងកម្រិតធ្ងន់ ចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមដ៏ពិសិដ្ឋ ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Joko Widodo) ដែលជាអ្នកចេញសេចក្តីថ្លែងការណ៍ខាងលើនេះផ្ទាល់ បានអះអាងយ៉ាងដូច្នេះថា «ប្រទេសឥណ្ឌូណេស៊ី ប្រកាសថ្កោលទោសកម្រិតធ្ងន់ ចំពោះសេចក្តីសម្រេចជាឯកតោភាគី របស់សហរដ្ឋអាមេរិក ក្នុងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល។ សេចក្តីសម្រេចបែបនេះ ត្រូវបានចាត់ទុកជាការប្រឆាំង ចំពោះដំណោះស្រាយនៃអង្គការសហប្រជាជាតិ និងអាចបង្កឲ្យមានអស្ថិរភាពនៅលើសកលលោកផងដែរ»។
បន្ថែមពីការថ្កោលទោសខាងលើនេះ លោក Joko Widodo បានសង្កត់ធ្ងន់ថា ប្រជាជនឥណ្ឌូណេស៊ី តែងតែគាំទ្រឥតងាករេ ចំពោះការព្យាយាមទាមទារឯករាជ្យពីសំណាក់ប្រជាជនប៉ាឡេស្ទីន។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងយ៉េរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល នៅថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧ បើទោះជាមានការព្រមានពីក្រុមមន្ត្រីអាមេរិកខ្លួនឯង និងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដូចជាប្រទេសអ៊ីស្លាមទាំងតូចទាំងធំ នៅទូទាំងពិភពលោកក៏ដោយ៕