(រ៉ង់ហ្គូន)៖ សហភាពមីយ៉ាន់ម៉ាបានបង្ហាញពីគោលជំហរជំទាស់ ចំពោះដំណោះស្រាយមួយរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR ដែលទាក់ទិននឹងបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ក៏ប៉ុន្តែបានសន្យាវិញថា នឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
នាថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ របស់អ្នកតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ លោក U Htin Lynn ដែលឆ្លើយតបចំពោះសេចក្តីព្រាងដំណោះស្រាយមួយ ដែលត្រូវបានបញ្ជូនទៅកាន់អង្គសម័យប្រជុំរបស់ UNHCR ស្តីពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា សូមជំទាស់ចំពោះដំណោះស្រាយទាំងឡាយ ដែលអាចបង្កការបែកបាក់ បះបោរ និងប្រឈមមុខដាក់គ្នានៅក្នុងប្រទេស ហើយវាមិនឆ្លុះបញ្ចាំងឲ្យឃើញពីគោលការណ៍របស់ UNHCR ដែលថាមិនលម្អៀង ប្រកបដោយសត្យានុម័ត និងគ្មានភាពអត្តនោម័តនោះឡើយ។
លោក Lynn បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដដែលថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិងកំពុងប្រឹងប្រែងជាខ្លាំង ដើម្បីដោះស្រាយបញ្ហានៅរដ្ឋ Rakhine នេះដោយខ្លួនឯងផ្ទាល់ ព្រមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយបង់ក្លាដែស ជាទីដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សែននាក់ បានរត់ទៅជ្រកកោន។
គួរជម្រាបផងដែរថា មីយ៉ាន់ម៉ា និងបង់ក្លាដែស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ ស្តីពីការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ា ដែលបានផ្លាស់ទីទៅកាន់បង់ក្លាដែស ឲ្យវិលត្រឡប់ទៅកាន់រដ្ឋ Rakhine របស់មីយ៉ាន់ម៉ាវិញ៕