(វ៉ាស៊ីនតោន)៖ អតីតនាយកគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ០៧ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យចំនួន ៤០០,០០០ដុល្លារ ដោយសារជាប់ពាក់ព័ន្ធនឹងការបោកប្រាស់ ជុំវិញការបញ្ចេញឧស្ម័នពុល នៃរថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ដ៏ល្បីល្បាញនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
តុលាការមួយក្នុងទីក្រុង Detroit នៃរដ្ឋ Michigan បានផ្តន្ទាទោសលោក Oliver Schmidt សម្រាប់ការជាប់ពាក់ព័ន្ធរបស់លោក នៅក្នុងរឿងអាស្រូវបោកប្រាស ពាក់ព័ន្ធនឹងការបញ្ចេញឧស្ម័នពុលរបស់ក្រុមហ៊ុន Volkswagen នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ជនជាតិអាល្លឺម៉ង់រូបនេះ បានឆ្លើយសារភាពកំហុសកាលពីខែសីហាកន្លង ក្រោមបទចោទប្រកាន់ចំនួន ០២ករណី បន្ទាប់ពីការបកអាក្រាតនៃផែនការមួយ ដែលរៀបចំឡើងដោយ Volkswagen ក្នុងដំឡើងរថយន្តប្រើសាំងប្រមាណកន្លះលានគ្រឿង ដើម្បីគេចវេសពីការកំណត់ស្តង់ដាបញ្ចេញផ្សែងពុលរបស់អាមេរិក។
គួរជម្រាបថា លោក Schmidt គឺជាអតីតប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Volkswagen ដែលទទួលបន្ទុកលើការអនុឡោមតាម ស្តង់ដាបញ្ចេញឧស្ម័នពុលប្រចាំនៅសហរដ្ឋអាមេរិក។ ជុំវិញរឿងនេះ Volkswagen ផ្ទាល់ក៏បានទទួលរងការពិន័យជាទឹកប្រាក់ចំនួន២.៨ពាន់លានដុល្លារផងដែរ ក្រោយបានសារភាពកំហុស ចំពោះការចោទប្រកាន់លើបទល្មើស ០៣ករណី ពាក់ព័ន្ធនឹងផែនការសម្ងាត់រាប់ទសវត្សរ៍របស់ខ្លួន ក្នុងការគេចវេះពីច្បាប់បំភាយផ្សែងពុលរបស់អាមេរិក៕