(អូតាវ៉ា)៖ ប្រទេសជាប់របង និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺកាណាដា និងម៉ិចស៊ីកូ បានប្រកាសដូចៗគ្នា ពួកគេនឹងមិនផ្លាស់ប្តូរស្ថានទូត ពីទីក្រុងតែលអាវីវ នៃប្រទេសអ៊ីស្រអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ តាមការអនុម័តជាឯកតោភាគី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី ជ្រីស្ទីយ៉ា ហ្វ្រីឡេន (Chrystia Freeland) បានថ្លែងនៅថ្ងៃពុធ (ពេលវេលានៅទ្វីបអាមេរិកខាងជើង) ក្រោយប៉ុន្មានម៉ោង នៃការប្រកាសរបស់លោក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះថា «យើងសូមធ្វើការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍រក្សាសន្តិភាព ឲ្យបាននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលអាចរស់នៅជាអ្នកជិតខាងប្រកបដោយសន្តិភាពជាមួយអ៊ីស្រាអែល»។
បន្ថែមពីខាងលើនេះទៀត ក្រសួងការបរទេសមិចស៊ីកូបាននិយាយថា នឹងមិនផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនប្រចំាប្រទេសអ៊ីសា្រអែល ទៅកាន់ទីក្រុងហេ្សរុយសាឡឹមនោះឡើយ បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តធ្វើដូច្នេះតែឯងក៏ដោយ។
ការអះអាងបែបនេះរបស់ក្រសួងការបរទេសមិចស៊ីកូ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានធ្វើតាមពាក្យសន្យារបស់លោក ដោយប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម គឺជា រដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទំាងបង្គាប់ឱ្យក្រសួងការបរទេសអាមេរិក ត្រៀមរៀបចំការផ្លាស់ប្ដូរស្ថានទូតអាមេរិក ពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសមិចស៊ីកូ បានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាសហរដ្ឋអាមេរិក ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីសា្រអែលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលមិចស៊ីកូ នៅតែរក្សាស្ថានទូតរបស់ខ្លួន នៅក្នុងទីក្រុងតែលអាវីវដដែល ហើយការសម្រេចចិត្តនេះ គឺស្របទៅនឹងដំណោះស្រាយនៃអង្គការសហប្រជាជាតិ ស្ដីពីទីក្រុងហ្សេរុយសាឡឹម»។
គួរបញ្ជាក់ថា ប្រទេសប៊ូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេណេហ្កាល់ ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយរុយហ្កាយ បានស្នើកោះប្រជុំបន្ទាន់មួយនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាពីការសម្រេចចិត្តរបស់ លោក ត្រាំ ស្របពេលអ៊ីស្រាអែលអំពាវនាវឱ្យប្រទេសដទៃ ដើរតាមសហរដ្ឋអាមេរិក៕
http://www.jpost.com/HttpHandlers/ShowImage.ashx?id=382766 http://cdn.newsapi.com.au/image/v1/f57c0b8b997945fcf294ab68cfd6427c