(គូឡាឡាំពួ)៖ ក្នុងចំណោមបណ្តាប្រទេសដទៃៗ រដ្ឋាភិបាលម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍នេះ ក៏បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រៃលែងរបស់ខ្លួន និងបានទទូចឲ្យសហរដ្ឋអាមេរិក ធ្វើការគិតគូរ និងពិចារណាឡើងវិញ ទាក់ទិននឹងការសម្រេចទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹម (Jerusalem) ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ដោយឯកតោភាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជាតិអាស៊ានមួយនេះ មានក្តីព្រួយបារម្ភជាខ្លាំង ជុំវិញសេចក្តីប្រកាសដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ការសម្រេចចិត្តនេះ នឹងបណ្តាលឲ្យកិច្ចប្រឹងប្រែងទាំងឡាយ ដែលត្រូវបានធ្វើឡើង ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិប៉ាឡេស្ទីន-អ៊ីស្រាអែល រលាយសាបសូន្យទៅវិញបាន។
ក្រសួងខាងលើបានបញ្ជាក់ថា ការប៉ុនប៉ងណាមួយ ដើម្បីទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល និងបង្កើត ឬក៏ផ្ទេរបេសកកម្មការទូតនានា ទៅកាន់ទីក្រុងនេះ ត្រូវចាត់ទុកថា ជាការបង្ករឿងមកលើសហគមន៍អ៊ីស្លាម និងអារ៉ាប់ និងជាការបំពានសិទ្ធិសេរីភាពរបស់ជនមូស្លីម និងគ្រីស្ទាន ព្រមទាំងសិទ្ធិរបស់ពលរដ្ឋប៉ាឡេស្ទីន ក៏ដូចជាការរំលោភលើច្បាប់អន្តរជាតិ រួមជាមួយនឹងដំណោះស្រាយពាក់ព័ន្ធផ្សេងៗទៀត របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ជាចុងក្រោយថា ការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលមិនមែនជាការទទួលស្គាល់ ដោយឈរលើអង្គហេតុពិតជាក់ស្តែងនោះឡើយ តែជាការបង្ហាញឲ្យឃើញពីការគាំទ្រ ចំពោះគោលនយោបាយអ៊ីស្រាអែលទៅវិញទេ៕