BREAKING NEWS: សហរដ្ឋអាមេរិក «ទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល» និងបង្កឲ្យពិភពអារ៉ាប់-មូស្លីម ជ្រួលច្របល់!
07-12-2017 09:28
(វ៉ាស៊ីនតោន)៖ នៅទីបំផុតដូចការរំពឹងទុក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងយ៉េរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល បើទោះជាមាន ការព្រមានពីក្រុមមន្ត្រីអាមេរិកខ្លួនឯង និងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
ការប្រកាសរបស់ លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាច្រើនថា ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់មេដឹកនាំអ៊ីស្រាអែល និងពិភពអារ៉ាប់កាលពី ថ្ងៃអង្គារថា លោកមានបំណងផ្លាស់ប្ដូរស្ថានទូតអាមេរិក ក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ហើយដែលនេះគឺជាការសម្រេចិត្តមួយ រំលោភលើគោលនយោបាយ អាមេរិកចំពោះអ៊ីសា្រអែល និងប៉ាឡេស្ទីនអស់រយៈពេលរាប់ទសវត្សរ៍មកនេះ។
ជាងនេះទៅទៀត លោកត្រាំ ក៏បានបង្គាប់ផងដែរឱ្យក្រសួងការបរទេសអាមេរិក ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិកប្រចាំទីក្រុង តែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ខណៈអ៊ីស្រាអែលផ្ទាល់ចាត់ទុកថា ជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា ប្រទេសបារាំង អ៊ីរ៉ង់ ហ្សកដានី រួមទាំងប៉ាឡេស្ទីន អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានព្រមានថា អំពើហិង្សា និងជម្លោះអាចនឹងផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ា។ ចំណែកឯ ប្រទេសប៊ូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេណេហ្កាល់ ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយរុយហ្កាយ បានស្នើកោះប្រជុំបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាពីការសម្រេចចិត្តរបស់ លោក ត្រាំ នេះ៕