(ដូហា)៖ មេដឹកនាំប្រទេសកាតា ដែលជាកំពូលមហាសេដ្ឋីប្រេង-ឧស្ម័នធំមួយដែរ នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់នោះ បានប្រកាសក្តែងៗតែម្តងថា ប្រទេសនេះនឹងប្រឆាំងចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការលើកស្ថានទូតពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ ដែលវាមានន័យថា រដ្ឋបាលរបស់លោកនឹងទទួលស្គាល់តំបន់ក្តៅនេះ ជារដ្ឋធានីអ៊ីស្រាអែលពេញសិទ្ធិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ការលើកឡើងដូចខាងលើនេះ បានធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani នៃរាជាណាចក្រកាតា បានជួបពិភាក្សាជាមួយតំណាងប៉ាឡេស្ទីន នៅទីក្រុងដូហាកាលពីថ្ងៃពុធ ដែលអ្នកតំណាងប៉ាឡេស្ទីន បាននាំយកនូវសារសំខាន់ពីប្រធានាធិបតី លោក Mahmoud Abbas ស្តីពីការវិវឌ្ឍន៍ចុងក្រោយ នៅតំបន់ជាប់អ៊ីស្រាអែលមួយនេះ។ ព្រះអង្គម្ចាស់ Al Thani បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសកាតាសូមបង្ហាញការប្រឆាំងពេញទំហឹង ចំពោះការលើកស្ថានទូតពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម»។
គួរបញ្ជាក់តាមសម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌបញ្ចេញឈ្មោះបានឱ្យដឹងថា នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ១៖០០នាទីរំលងអធ្រាត ថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា) លោក ត្រំា ត្រូវបានគេរំពឹងថា នឹងប្រកាសទទួលស្គាល់ទីក្រុង Jerusalem ជារបស់អ៊ីសា្រអ៊ែល តាមរយៈការផ្លាស់ប្ដូរស្ថានទូតអាមេរិក ក្នុងទីក្រុងតែលអាវីវ ទៅកាន់ទីក្រុង Jerusalem។ ប៉ុន្តែទន្ទឹមគ្នាបារាំង និងហ្សកដានី រួម ទាំងបណ្ដាប្រទេសអារ៉ាប់បានព្រមានថា អំពើហិង្សា និងជម្លោះអាចនឹងផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ា បើសិនលោក ត្រាំ ធ្វើបែបនេះពិតមែន៕