BREAKING NEWS: ឧបទ្វីបកូរ៉េ «កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម» ទើបបង្ខំឲ្យប្រធានាធិបតីចិន និងកូរ៉េខាងត្បូង កំណត់ថ្ងៃជួបគ្នា...
06-12-2017 16:35
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងជួបទល់មុខគ្នាជាមួយសមភាគីចិន លោក ស៊ី ជិនពីង នៅឯទីក្រុងប៉េកាំងនាសប្តាហ៍ក្រោយនេះ ចំពេលដែលស្ថានការណ៍សន្តិសុខ នៅតំបន់ឧបទ្វីបកូរ៉េ នៅតែបន្តមានភាពតានតឹង ហើយទើបកើនកម្តៅសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យលោក មូន បានឲ្យដឹងនាថ្ងៃនេះថា លោកប្រធានាធិបតីទាំងពីរ នឹងធ្វើការជជែកពិភាក្សាគ្នាអំពី ប្រធានបទដ៏ក្តៅគគុក គឺការសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ព្រមទាំងកត្តាសុខសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ។ ម៉្យាងវិញទៀត វានឹងជាលើកទីបីហើយដែលលោក មូន និងលោក ស៊ី បានជួបមុខគ្នា បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរ បានជួបគ្នាលើកចុងក្រោយ នៅឯកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ី នៅប្រទេសវៀតណាម កាលពីខែវិច្ឆិកាកន្លងទៅ។
ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង បានទទួលរងការខូចខាត ដោយសារតែវិបត្តិជុំវិញប្រទេសកូរ៉េខាងជើង ជាពិសេសនោះ គឺបន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ដែលត្រូវបានដំឡើងឲ្យធ្វើប្រតិបត្តិការពេញលេញ កាលពីខែកញ្ញាកន្លងទៅ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
គួរជម្រាបថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មូន ជែអ៊ីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែធ្នូ ក្រោមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ការបំពេញទស្សនកិច្ចនេះផងដែរ នឹងត្រូវធ្វើឡើង បន្ទាប់ពីកម្តៅនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ បានកញ្រ្ចោលឡើងសាជាថ្មី ក្រោយការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ដ៏មានអានុភាព របស់កូរ៉េខាងជើង កាលពីចុងខែវិច្ឆិកា ព្រមទាំងសមយុទ្ធយោធាដែនអាកាសទ្រង់ទ្រាយធំ រវាងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅទឹកដីកូរ៉េខាងត្បូង៕