(មែលប៊ន)៖ ចិនបានចោទប្រកាន់អូស្រ្តាលីថា មានការភ័យព្រួយខុសទំនង បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Malcolm Turnbull បានសន្យាថា នឹងចេញបម្រាមហាមឃាត់ មិនឲ្យមានការធ្វើវិភាគទាននយោបាយ ពីសំណាក់បរទេសឡើយ ដែលវាគឺជាវិធានការមួយ ដើម្បីទប់ទល់ការបញ្រ្ជាបឥទ្ធិពលនានាពីខាងក្រៅ ចូលទៅក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់អូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯរដ្ឋធានីកង់បេរ៉ា នាថ្ងៃអង្គារសប្តាហ៍នេះ លោក ម៉ាល់ខូម ធឺនបាល (Malcolm Turnbull) បានលើកឡើងថា អំណាចបរទេស កំពុងតែបង្កើនការព្យាយាម និងប្រឹងប្រែងជាខ្លាំង ដើម្បីជះឥទ្ធិពលរបស់ពួកគេ ទៅក្នុងដំណើរការនយោបាយនៅក្នុងអូស្រ្តាលី ព្រមទាំងពិភពលោកទាំងមូល ដោយរូបលោក បានផ្អែកទៅលើរបាយការណ៍រសើបមួយចំនួន ស្តីពីឥទ្ធិពលរបស់ចិន។
គួរជម្រាបថា សេចក្តីប្រកាសរបស់ លោក Turnbull ត្រូវបានធ្វើឡើង ខណៈដែលក្តីព្រួយបារម្ភ កាន់តែកើនឡើងថា ទីក្រុងប៉េកាំងប្រហែលជាកំពុងពង្រីករិទ្ធអំណាចរបស់ខ្លួន យ៉ាងត្រជាក់ល្ហឹម នៅក្នុងប្រទេសអូស្រ្តាលី ស្របពេលដែលទំនាក់ទំនងរវាងក្រុមអ្នកនយោបាយអូស្រ្តាលី និងផលប្រយោជនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង កាន់តែឈានទៅរកភាពរកាំរកូសទៅៗ៕