(កាលីហ្វ័រញ៉ា)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ជឺរី ប្រោន (Jerry Brown) បានប្រកាសអាសន្ននៅក្នុងតំបន់ វែថូរ៉ា ខោនធី (Ventura County) ខណៈភ្លើងឆេះព្រៃចំនួនពីរឈ្មោះ ថូម៉ាស់ (Thomas) និង គ្រីក (Creek) បានបំផ្លាញផ្ទះរាប់រយខ្នង និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន លោក Jerry Brown បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់ និងរីករាយដាលយ៉ាងលឿនបំផុត ប៉ុន្តែយើងនៅតែបន្តតស៊ូ ប្រយុទ្ធនឹងអណ្ដាតភ្លើង ដោយប្រើប្រាស់គ្រប់លទ្ធភាពទាំងអស់ ដែលយើងមាន»។ ដោយឡែកក្រុមអាជ្ញាធរ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នភ្លើងឆេះព្រៃកំពុងឆាបឆេះកាន់តែខ្លាំង ដោយសារឥទ្ធិពលខ្យល់ រីឯអាកាសធាតុកាន់ក្ដៅ និងមានសំណើមតិចតួច ដែលនេះអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជនក្នុងតំបន់ ស្របពេលក្រុមពន្លត់អគ្គិភ័យរាប់រយនាក់ បាននិងកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាមេរិក ភ្លើងឆេះព្រៃឈ្មោះ Thomas Fire បានបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដី ២០,៤៣៧ហិកតា នៅក្នុងទីក្រុង សាន់តា ផូឡា (Santa Paula) នៃតំបន់ Ventura County រីឯព្រៃឈើលើផ្ទៃដី ៤,៤៥១ហិកតា ត្រូវបានភ្លើងឆេះព្រៃ Creek Fire នៅក្នុងតំបន់ Los Angeles County លេបត្របាក់ខ្ទេចខ្ទីផងដែរ៕