(សេអ៊ូល)៖ អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក William Perry បាននិយាយថា វាគឺជារឿងមួយដ៏ប្រសើរ ដែលកូរ៉េខាងត្បូង និងជប៉ុន កសាងសមត្ថភាពអាវុធនុយក្លេអ៊ែរ ខណៈ ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាងកាន់តែរីកធំឡើង ជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក William Perry ជាអតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកជំនាន់រដ្ឋបាល លោក ប៊ីល គ្លីនតុន ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ កើតមានឡើងនៅចំពេលក្រុមអ្នកជំនាញខ្លះយល់ថា ចាប់ពីពេលនេះតទៅ កូរ៉េខាងជើងមានសមត្ថភាព បាញ់មីស៊ីលដល់ដីគោករបស់សហរដ្ឋអាមេរិក។ ដូច្នេះចង់ ឬមិនចង់កូរ៉េខាងត្បូង និងជប៉ុន ត្រូវតែគិតគូរឡើងវិញពីសមត្ថភាពយោធារបស់ខ្លួន ជាពិសេសគឺអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញកូរ៉េខាងជើង ព្រោះបើសង្រ្គាមផ្ទុះឡើង សហរដ្ឋអាមេរិកមុខជានឹងត្រូវការពារខ្លួនឯងជាមុនសិន មុននឹងការពារសម្ព័ន្ធមិត្តទាំងពីរនេះ។
លោក William Perry បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដែលឱ្យកូរ៉េខាងត្បូង និងជប៉ុន មានកងកម្លាំងនុយក្លេអ៊ែរឯករាជ្យ វាប្រសើរជាងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរអាមេរិក នៅលើទឹកដីរបស់ពួកគេ... ម្យ៉ាងវិញទៀត បើសិនជាយើងអាចធ្វើដូច្នោះបាន នោះយើងនឹងអាចទប់ស្កាត់កូរ៉េខាងជើង មិនឱ្យមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែខ្ញុំមិន គិតឡើយថា រឿងនេះនឹងកើតឡើងនាពេលអនាគតដ៏ខ្លី ហើយខ្ញុំគិតថា យើងគួរតែធ្វើឱ្យស្ថានភាពបច្ចុប្បន្ន នឹងនរជាមុនសិន»។
គួរបញ្ជាក់ថា ការអនុញាតឱ្យកូរ៉េខាងត្បូង និងជប៉ុន មានអាវុធនុយក្លេអ៊ែរ គឺជារឿងមួយពិបាកបំផុត ព្រោះចិនមុខជាចេញមុខជំទាស់ ដោយសារទីក្រុងប៉េកាំង ខ្លាចក្រែងកោះតៃវ៉ាន់ចង់បានអាវុធនុយក្លេអ៊ែរដែរ។ ជាងនេះទៅទៀត ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលខ្លួនឯង ក៏តែងតែនិយាយជារឿយៗដែរ ពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ប៉ុន្តែ រឿងបែបនេះអាចនឹងកើតឡើងក៏ថាបាន បើសិនជាប្រទេសទាំងពីរយល់ថា ខ្លួនមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិក៕