(ម៉ានីល)៖ គ្រោះរញ្ជួយមួយកម្រិត ៤.៩រ៉ិចទ័រ នៅមុននេះបន្តិច បានអង្រួនភាគកណ្តាលប្រទេសហ្វីលីពីន ក៏ប៉ុន្តែហេតុការណ៍នេះទំនងជាមិនបង្កការបំផ្លិចបំផ្លាញ ឬក៏បណ្តាលឲ្យមានមនុស្សរងគ្រោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
វិទ្យាស្ថានសិក្សាបាតុភូតភ្នំភ្លើង និងរញ្ជួយដី Phivolcs របស់ហ្វីលីពីនបានឲ្យដឹងថា ចំណុចរំញ័រនៃគ្រោះរញ្ជួយផែនដីខាងលើ ស្ថិតនៅចម្ងាយ ១៤គីឡូម៉ែត្រ ភាគនិរតីក្រុង Salcedo ក្នុងខេត្ត Samar ខាងជើង នៃតំបន់ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីវេលាម៉ោងប្រហែល ១០៖៤៨នាទីព្រឹកថ្ងៃពុធនេះ ជាមួយជម្រៅ ០៥គីឡូម៉ែត្រ។ វិទ្យាស្ថាន Phivolcs បានបញ្ជាក់ថា ខ្លួនពុំទទួលបានសេចក្តីរាយការណ៍ណាមួយ ស្តីពីការខូចខាត និងជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដីនេះឡើយ។
គួរជម្រាបថា ហ្វីលីពីនស្ថិតនៅលើតំបន់មានឈ្មោះថា Pacific Ring of Fire ឬខ្សែក្រវាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយទទួលរងសកម្មភាពបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដី។ កាលពីខែកុម្ភៈ ឆ្នាំ២០១៧នេះវិញ មនុស្សច្រើនជាង ១០០នាក់ បានស្លាប់ ឬក៏របួសនៅពេលដែលគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារក្រុង Surigao ភាគខាងត្បូងប្រទេសហ្វីលីពីន៕