(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅទីបំផុត បានអនុម័តទទួលស្គាល់ អនុប្រធានខុទ្ទកាល័យសេតវិមាន លោកស្រី Kristjen Nielsen ជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិថ្មីហើយ បន្ទាប់ពីអតីតថ្នាក់ដឹកនាំស្ថាប័ននេះ គឺលោក John Kelly ត្រូវបានផ្លាស់ប្តូរឲ្យទៅកាន់តួនាទី នៅសេតវិមានកាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ព្រឹទ្ធសភាអាមេរិក បានឯកភាពចំពោះការតែងតាំងលោកស្រី Nielsen ក្នុងសំឡេង ៦២ ទល់នឹង ៣៧សំឡេង។ ការទទួលស្គាល់រូបលោកស្រីនេះទៀតសោត ត្រូវបានធ្វើឡើង គាប់ជួននៅពេលដែលក្រសួងសន្តិសុខជាតិអាមេរិក ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ជាជាបន្តបន្ទាប់ ក្នុងការកាត់បន្ថយលំហូរចូល នៃជនអន្តោប្រវេសន៍ខុសច្បាប់ នៅព្រំដែនភាគខាងត្បូងប្រទេស ព្រមទាំងការចាប់ខ្លួន ក៏ដូចជាការបណ្តេញឧក្រិដ្ឋជនបរទេស។
គួរជម្រាបថា លោកស្រី Kristjen គឺជាមេធាវីនិងជាបុគ្គលជើងចាស់ នៃវិស័យសន្តិសុខជាតិ ហើយមានទំនាក់ទំនងជិតស្និទ្ធ នឹងប្រធានខុទ្ទកាល័យសេតវិមាន Johh Kelly ដែលជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិទីមួយ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ មុនពេលដែលរូបលោក ត្រូវបានផ្លាស់ប្តូរឲ្យទៅគ្រប់គ្រង ត្រួតត្រាការិយាល័យដ៏ចលាចល របស់លោក ត្រាំ កាលពីចុងខែកក្កដាកន្លងទៅ៕