(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកមួយចំនួនបានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ការសម្រេចចិត្តផ្លាស់ប្ដូរស្ថានទូតអាមេរិក ក្នុងប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុង ហ្សេរុយសាឡឹម (Jerusalem) អាចនឹងបង្កទៅជាជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ហើយវាក៏នឹងរំលោភបំពានផងដែរ លើគោលនយោបាយអាមេរិកចំពោះ អ៊ីស្រាអែល និងប៉ាឡេស្ទីន អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ការព្រមានបែបនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអ៊ីស្រាអែល និងពិភពអារ៉ាប់កាលពីថ្ងៃអង្គារថា លោកមានបំណងផ្លាស់ប្ដូរ ស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ហើយដែលនេះគឺជាការសម្រេចិត្តមួយ ក្នុងការទទួលស្គាល់ថា ទីក្រុងមួយនេះគឺជារបស់អ៊ីសា្រអែលផ្ដាច់មុខ។ តែទោះជាយ៉ាងណា ក្រុមមន្ត្រីក៏បានបញ្ជាក់ដែរថា លោក ត្រំា នឹងមិនផ្លាស់ប្ដូរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ក្នុងពេលឆាប់ៗនេះទេ ពោលគឺទំនងជាអាចនឹងត្រូវធ្វើឡើង នៅរយៈពេល ០៦ខែទៀត។
គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក្នុងលក្ខខណ្ឌបញ្ចេញឈ្មោះ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រំា ត្រូវបានគេរំពឹងថា នឹងទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីស្រាអែល។ ចំណែកឯបារាំង និងហ្សកដានី រួមទាំងប៉ាឡេស្ទីន អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតទាំងបណ្ដាប្រទេសអារ៉ាប់ បានព្រមានថា អំពើហិង្សា និងជម្លោះអាចនឹងផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ា បើសិនលោក ត្រាំ ធ្វើបែបនេះពិតមែន៕