(ឡុងដ៍)៖ បុរសពីរនាក់នឹងត្រូវបង្ហាញខ្លួន នៅចំពោះមុខតុលាការទីក្រុងឡុងដ៍ នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអង់គ្លេស) បន្ទាប់ពីបានទទួលរងការចោទជាបទ បានរៀបចំផែនការភេរវកម្មខ្មៅងងឹតមួយ ដើម្បីធ្វើឃាតនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May។ នេះបើតាមសេចក្តីរាយការណ៍របស់ បណ្តាញសារព័ត៌មានបរទេសធំៗ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ប៉ូលិសទីក្រុងឡុងដ៍ បានចេញមុខបញ្ជាក់ទទួលស្គាល់ពី ការចាប់ខ្លួនជនទាំង០២រូបខាងលើ តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយមិនបានបញ្ជាក់ពីមុខសញ្ញាជនរងគ្រោះ នៃគម្រោងធ្វើឃាត ដែលត្រូវបានបកអាក្រាតរកឃើញ ដោយកម្លាំងប៉ូលិសប្រឆាំងភេរវកម្មឡើយ។ អាជ្ញាធរអង់គ្លេសបានឲ្យដឹងថា បុរសត្រូវចោទទាំង០២ មានឈ្មោះ ហ្សាករីយ៉ាហ៍ រ៉ាហ៍ម៉ាន់ (Naa'imur Zakariyah Rahman) អាយុ ២០ឆ្នាំ មកពីភាគខាងជើងទីក្រុងឡុងដ៍ និងឈ្មោះ ម៉ូហំាម៉េដ អាគីប អ៊ីមរ៉ាន (Mohammed Aqib Imran) អាយុ ២១ឆ្នាំ មកពីភាគអាគ្នេយ៍ក្រុង ប៊ឺមីងហាម (Birmingham)។
គួរជម្រាបថា ទោះជាបែបនេះក្តីប្រព័ន្ធផ្សព្វផ្សាយបរទេស ជាពិសេសរបស់ចក្រភពអង់គ្លេសផ្ទាល់ បានធ្វើសេចក្តីរាយការណ៍ថា បុរសទាំង ០២នាក់ ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា បានរៀបចំផែនការ ដើម្បីធ្វើឃាតលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស តាមរយៈការប្រើប្រាស់គ្រាប់បែក ដែលលាក់ក្នុងកាបូប ដើម្បីបំផ្ទុះខ្លោងទ្វារវិមាន Downing Street ហើយប្រើកាំបិតវាយប្រហារទៅលើ លោកស្រី May៕