(ញូដេលី)៖ មហាយក្សទី០២នៃទ្វីបអាស៊ី បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលល្បឿនលឿន Akash របស់ខ្លួន ដែលជាប្រភេទពីផ្ទៃដីទៅកាន់ផ្ទៃកាសដោយជោគជ័យ ចេញពីបន្ទាយទ័ពមួយកន្លែង នៅរដ្ឋ Odisha ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា មីស៊ីលខាងលើត្រូវបានបាញ់ចេញពីមូលដ្ឋាន Integrated Test Range ក្នុងតំបន់ Chandipur នៃស្រុក Balasore របស់ Odisha នាថ្ងៃអង្គារសប្តាហ៍ ហើយបានឆ្លាត់កាត់ការធ្វើតេស្តដោយជោគជ័យ។ មីស៊ីលរយៈចម្ងាយខ្លី Akash នេះកំពុងត្រូវរៀបចំដាក់បញ្ចូល ទៅក្នុងជួរកងទ័ពឥណ្ឌា។
គួរជម្រាបថា មីស៊ីល Akash ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ និងស្រាវជ្រាវវិស័យការពារជាតិ របស់រដ្ឋាភិបាលឥណ្ឌាផ្ទាល់ និងមានទម្ងន់ ៧០គីឡូក្រាម ព្រមទាំងរយៈចម្ងាយ ២៧គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់ទម្ងន់ ៦០គីឡូក្រាមមួយនៅក្នុងល្បឿន Mach 2.5 ស្មើនឹង ៣,០៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។
ម៉្យាងវិញទៀត មីស៊ីលខាងលើនេះ មានសមត្ថភាពវាយប្រហារទៅលើយន្តហោះ ដែលជាគោលដៅស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីខ្លួនវាបាន ហើយក៏អាចកម្ទេចគោលដៅលើផ្ទៃអាកាស រួមមានដូចជា យន្តហោះចម្បាំង មីស៊ីលប្រដេញ ឬគ្រាប់មីស៊ីលប្រភេទបាញ់ចេញពីផ្ទៃអាកាស ទៅកាន់ផ្ទៃដីមួយចំនួនទៀតផងដែរ៕