(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអ៊ីស្រាអែល និងពិភពអារ៉ាប់ថា លោកមានបំណងផ្លាស់ប្ដូរស្ថានទូតអាមេរិក ក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម (Jerusalem) ហើយដែលនេះគឺជាការសម្រេចិត្តមួយក្នុងការទទួលស្គាល់ថា ទីក្រុងមួយនេះគឺជារបស់អ៊ីសា្រអែលផ្ដាច់ ខណៈគេរំពឹងថា អំពើហិង្សានិងភាពតានតឹង អាចផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
Reuters ផ្អែកលើមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌបញ្ចេញឈ្មោះបានឱ្យដឹងថា នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រំា ត្រូវបានគេរំពឹងថា នឹងទទួល ស្គាល់ទីក្រុង Jerusalem គឺជារបស់អ៊ីសា្រអ៊ែល តាមរយៈការផ្លាស់ប្ដូរស្ថានទូតអាមេរិក ក្នុងទីក្រុងតែលអាវីវ ទៅកាន់ទីក្រុង Jerusalem។ ប៉ុន្តែទន្ទឹមគ្នាបារាំង និងហ្សកដានី រួម ទាំងបណ្ដាប្រទេសអារ៉ាប់បានព្រមានថា អំពើហិង្សា និងជម្លោះអាចនឹងផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ា បើសិនលោក ត្រាំ ធ្វើបែបនេះពិតមែន។
គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិកដដែល លោក ដូណាល់ ត្រាំ បានប្រាប់ពីបំណងផ្លាស់ប្ដូរស្ថានទូតអាមេរិកនេះ ទៅកាន់មេដឹកនាំប៉ាឡេស្ទីន ព្រះមហាក្សត្រហ្សកដានី អេហ្ស៊ីប និង ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត៕