(ម៉ូស្គូ)៖ អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបចំនួន ០៩ ដែលជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅ «ទីភ្នាក់ងារបរទេស» ដោយសារតែបានប្រព្រឹត្តល្មើសច្បាប់ យោងតាមមាត្រា ៦ មានចែងនៅក្នុងច្បាស់ស្តីពីវិស័យសារព័ត៌មាន របស់សហព័ន្ធរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT នាល្ងាចថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ក្រុមហ៊ុន និងអង្គភាព ដែលបម្រើការលើប្រព័ន្ធផ្សាយទាំង ០៩ មានចែងក្នុងបញ្ជីខ្មៅនោះរួមមាន៖
១៖ សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA)
២៖ វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព (RFE/RL)
៣៖ វិទ្យុ Radio Azatliq សាខាប្រទេសរុស្ស៊ី
៤៖ វែបសាយ Kavkaz.Realii
៥៖ វែបសាយ Krym Realii
៦៖ វែបសាយ Sibir Realii
៧៖ ប៉ុស្តិ៍ទូរទស្សន៍ Current Time TV
៨៖ វែបសាយ factograph.info (បណ្តាញវិទ្យុ RFE/RL)
៩៖ គំរោងផ្សព្វផ្សាយ IdelRealii project (បណ្តាញវិទ្យុ RFE/RL)
ប្រការខាងលើនេះត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូអះអាងថា ជាការឆ្លើយតបវិញយ៉ាងសាកសម ទៅនឹងទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលខ្លួនមិនអាចទទួលយកបាន នោះគឺការដាក់សម្ពាធលើសារព័ត៌មានរុស្ស៊ី Russia Today America (RT) ប្រចាំនៅសហរដ្ឋអាមេរិក។
សម្រាប់បញ្ជីនៃ «ទីភ្នាក់ងារបរទេស» នេះគឺប្រៀបដីដូចជា បញ្ជីខ្មៅមួយ សម្រាប់ដាក់អង្គភាពព័ត៌មានណាមួយ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាស់ប្រទេសរុស្ស៊ី ហើយអង្គភាពដែលមានជាប់ឈ្មោះក្នុងនេះ គឺមិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មាន នៅក្នុងរដ្ឋសភាជាតិ និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលជាសភាទាំងពីរជាន់ថ្នាក់ របស់ប្រទេសរុស្ស៊ីនោះឡើយ។
ដោយឡែកសារព័ត៌មាន ដែលមិនជាប់ឈ្មោះនៅក្នុងបញ្ជីខាងលើនេះ គឺអាចប្រតិបត្តិការទៅតាមទម្លាប់ជាធម្មតា។
គួរបញ្ជាក់ថា ភាគច្រើននៃអង្គភាពដែលបានជាប់ឈ្មោះក្នុងបញ្ជីខ្មៅ គឺជាក្រុមហ៊ុន និងសារព័ត៌មានរបស់អាមេរិក ដែលធ្វើប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី និងផ្សព្វផ្សាយព័ត៌មានជាភាសារុស្ស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺបណ្តាញព័ត៌មាន CNN និងសារព័ត៌មានរបស់អាមេរិកមួយចំនួន ដែលត្រូវបានគេដឹងថា មានទំនោរិះគន់រដ្ឋបាល លោក ដូណាល់ ត្រាំ គឺមិនមានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរុស្ស៊ីនោះឡើយ៕