(តូក្យូ)៖ វាជារឿងមិនធ្លាប់មាននោះឡើយ ដែលប្រទេសជប៉ុនបានបង្ហាញចេតនា នៅក្នុងការទិញគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពវាយប្រហារយ៉ាងពិតប្រាកដ នោះគឺបាញ់ឲ្យដល់ទឹកដីកូរ៉េខាងជើងតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
សម្រាប់គ្រាប់មីស៊ីលប្រភេទថ្មីខាងលើនេះ ត្រូវបានគេអះអាងថា ឈ្មោះ JASSM-ER។ វាជាប្រភេទមីស៊ីល ដែលអាចបាញ់ចេញពីយន្តហោះចម្បាំង F-15 ជាផលិតផលរបស់ក្រុមហ៊ុន Lockheed Marin Corp សហរដ្ឋអាមេរិក និងមានលទ្ធភាពបាញ់ពីលើអាកាស សម្តៅទៅលើគោលដៅលើផ្ទៃដី នៅក្នុងរយៈចម្ងាយរហូតដល់ទៅ ១,០០០គីឡូម៉ែត្រ ពីគ្នាឯណោះ។
គួរបញ្ជាក់ថា ព័ត៌មានខាងលើនេះ ត្រូវបានចេញផ្សាយក្រោយពីទទួលបានប្រភពពីមន្ត្រី ដែលស្និទ្ធទៅនឹងកិច្ចការខាងលើនេះផ្ទាល់ចំនួនពីររូប ដោយពួកគេថែមទាំងបានអះអាងទៀតថា រដ្ឋាភិបាលជប៉ុន លែងគិតគូរអំពីបញ្ហាតម្លៃទៀតឡើយ ព្រោះពេលនេះការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង កាន់តែខ្លាំងមែនទែន។
ក្រៅពីការត្រៀមទិញមីស៊ីល JASSM-ER ជប៉ុន ក៏កំពុងចាប់អារម្មណ៍ចង់បាន គ្រាប់មីស៊ីលប្រដេញ ផលិតដោយប្រទេសណ័រវេស៍ ដែលមានរយៈចម្ងាយរត់ ៥០០គីឡូម៉ែត្រ ផងដែរ ដែលវាមានសមត្ថភាពបាញ់ចេញពីយន្តហោះច្បាំង F-35។ សម្រាប់គំរោងទាំងពីរនេះ ក៏ស្ថិតនៅក្នុងកញ្ចប់ថវិកាជាតិជិត ៥០លានដុល្លារ ដែលក្រសួងការពារជាតិជប៉ុន ស្នើទៅកាន់សភាផងដែរ។ នេះបើតាមការដកស្រង់សេចក្តីរាយការណ៍ ពីទូរទស្សន៍ជប៉ុន Fuji នាដើមសប្តាហ៍ថ្មីនេះ៕