(ម៉ូស្គូ)៖ ទីបំផុតរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចាប់ផ្តើមវិធានការឆ្លើយតបវិញចំពោះសហរដ្ឋអាមេរិក ដោយធ្វើដាក់បញ្ចូលបណ្តាញផ្សព្វផ្សាយព័ត៌មានចំនួន ០៩ ទៅក្នុងបញ្ជីនៃ «ទីភ្នាក់ងារបរទេស» តាមរយៈមាត្រា៦ មានចែងនៅក្នុងច្បាស់ស្តីពីវិស័យសារព័ត៌មាន របស់សហព័ន្ធរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃអង្គារ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងចំណោមបណ្តាញផ្សព្វផ្សាយទាំង០៩ ខាងលើនេះភាគច្រើនគឺជារបស់អាមេរិក ដោយក្នុងនោះក៏មានសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA) ព្រមទាំងវិទ្យុអឺរ៉ុបសេរី (RFE/RL) ផងដែរ។ ប្រការនេះត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូអះអាងថា ជាការឆ្លើយតបវិញយ៉ាងសាកសម ទៅនឹងទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលខ្លួនមិនអាចទទួលយកបាន នោះគឺការដាក់សម្ពាធលើសារព័ត៌មានរុស្ស៊ី Russia Today America (RT) ប្រចាំនៅសហរដ្ឋអាមេរិក។
សម្រាប់បញ្ជីនៃ «ទីភ្នាក់ងារបរទេស» នេះគឺប្រៀបដីដូចជា បញ្ជីខ្មៅមួយសម្រាប់ដាក់អង្គភាពព័ត៌មានណាមួយ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាស់ប្រទេសរុស្ស៊ី ហើយអង្គភាពដែលមានជាប់ឈ្មោះក្នុងនេះ គឺមិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មាន នៅក្នុងរដ្ឋសភាជាតិ និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលជាសភាទាំងពីរជាន់ថ្នាក់របស់ប្រទេសរុស្ស៊ីនោះឡើយ។ ដោយឡែកសារព័ត៌មានដែលមិនជាប់ឈ្មោះនៅក្នុងបញ្ជីខាងលើនេះ គឺអាចប្រតិបត្តិការទៅតាមទម្លាប់ជាធម្មតា។
គួរបញ្ជាក់ថា ភាគច្រើននៃអង្គភាពដែលបានជាប់ឈ្មោះក្នុងបញ្ជីខ្មៅ គឺជាក្រុមហ៊ុន និងសារព័ត៌មានរបស់អាមេរិក ដែលធ្វើប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី និងផ្សព្វផ្សាយព័ត៌មានជាភាសារុស្ស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺបណ្តាញព័ត៌មាន CNN និងសារព័ត៌មានរបស់អាមេរិកមួយចំនួន ដែលត្រូវបានគេដឹងថា មានទំនោរិះគន់រដ្ឋបាល លោក ដូណាល់ ត្រាំ គឺមិនមានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរុស្ស៊ីនោះឡើយ៕