(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង ទីបំផុតបានធ្វើការរិះគន់ធ្ងន់ៗ ចំពោះការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ដោយទីក្រុងព្យុងយ៉ាងបានអះអាងថា វាជារឿងដែលឥតប្រយ័ត្នប្រយែងទាល់តែសោះ ខណៈដែលឧបទ្វីបកូរ៉េទាំងមូល នឹងអាចធ្លាក់ចូលទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ បានគ្រប់ពេលវេលា ដោយសារតែទង្វើដុតរោលស្ថានការណ៍បែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានធ្វើសេចក្តីរាយការណ៍ អំពីការរិះគន់ និងព្រមានពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងខាងលើនេះ ក្រោយមួយថ្ងៃនៃការចាប់ផ្តើមសមយុទ្ធទ័ពអាកាស រវាងសហដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលត្រូវបានអន្តរជាតិមើលឃើញថា ជាការឆ្លើយតបទៅនឹង ការធ្វើតេស្តមីស៊ីល Hwasong-15 របស់លោក គីម ជុងអ៊ុន ដែលជាជោគជ័យថ្មីមួយរបស់របបដឹកនាំប្រទេសកុម្មុយនិស្តមួយនេះ។
សមយុទ្ធយោធាខាងលើនេះ គឺជាសមយុទ្ធផ្លូវអាកាសខ្នាតធំជាងបង្អស់មិនធ្លាប់មាន រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានការចូលរួមពីកម្លាំងយោធាប្រហែល ១២,០០០នាក់។ យន្តហោះដែលមកចូលរួមក្នុងសមយុទ្ធ Vigilant ACE រួមមានយន្តហោះចម្បាំងបំបាំងកាយអាមេរិក ២៤គ្រឿង ដែលក្នុងនោះមានធុន F-22 ចំនួន ០៦គ្រឿង មកពីកោះអូគីណាវ៉ា នៃប្រទេសជប៉ុន, ធុន F-35A ចំនួន ០៦គ្រឿង និងធុន F-35B ចំនួន ១២គ្រឿង មកពីបន្ទាយទ័ពអាកាសអាមេរិក នៅលើទឹកដីជប៉ុន។
ក្រៅពីនេះ យន្តហោះទម្លាក់គ្រាប់ដ៏មានអានុភាព B-1B Lancer របស់សហរដ្ឋអាមេរិក ក៏ត្រូវគេរាយការណ៍ថា បានគ្រោងនឹងធ្វើការហ្វឹកហ្វឺនទម្លាក់គ្រាប់បែក ក្នុងអំឡុងលំហាត់សមយោធានេះផងដែរ។ ម៉្យាងវិញទៀត យន្តហោះចម្បាំង EA-18G Growler ចំនួន ០៦គ្រឿង ព្រមទាំងយន្តហោះចម្បាំង F-15C ក៏ដូចជា F-16 ក៏នឹងត្រូវបានចល័តមកចូលរួមសមយុទ្ធ Vigilant ACE ដូចគ្នា។ ចំណែកឯពីខាងកូរ៉េខាងត្បូងវិញ យន្តហោះចម្បាំងធុន F-15K, KF-16, និង FA-50 នឹងចូលរួមធ្វើប្រតិបត្តិការក្នុងសមយុទ្ធនេះ។
គួរជម្រាបថា សមយុទ្ធខាងលើបានកើតមានឡើង មិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីរបបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើតេស្តបាញ់មីស៊ីលផ្លោង Hwasong-15 ដែលជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប ICBM ទើបតែអភិវឌ្ឍថ្មីរបស់កូរ៉េខាងជើង កាលពីថ្ងៃទី២៩ ខែតុលា។ យោងតាមយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលនោះរត់បានចម្ងាយ ១,០០០គីឡូម៉ែត្រ បន្ទាប់ពីឡើងដល់រយៈកម្ពស់ដ៏ខ្ពស់ ៤,៦០០គីឡូម៉ែត្រ ខណៈវាត្រូវបានគេអះអាងថា បានហោះក្នុងចម្ងាយរហូតដល់ ១៣,០០០គីឡូម៉ែត្រ ពោលគឺអាចដល់រដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក៕